ក្រុមចោរ ប្រដាប់ដោយ អាវុធវែង២ដើម ចូលភ្ជង់ប្លន់ពលរដ្ឋ នៅភូមិក្រោលគោ ស្រុកស្វាយជ្រុំ !

ខេត្តស្វាយរៀង៖ យោងតាមកំណត់ហេតុ Hotline 117 បានអោយដឹងថា មានករណី ចោរ មួយក្រុមមានគ្នា៣នាក់ បានចូលប្លន់ផ្ទះប្រជាពលរដ្ឋ ដែលមាន ម្ចាស់ផ្ទះឈ្មោះ ចែត ភន អាយុ ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ ៣០ឆ្នាំ ស្ថិតនៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

សូមជម្រាបថា នៅវេលាម៉ោង ២០ និង០៨នាទី សមត្ថកិច្ច ១១៧ ឈ្មោះ លោកអនុសេនីយ៍ឯក ស៊ី ស៊ីថន បានបញ្ជូនព័ត៌មាន ទៅលោកស្នងការរង ប៊ូ សារ៉េន ទូរស័ព្ទលេខ ០៩៧ ៧៧៨ ០០ ០៧ ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

ជាលទ្ធផលសមត្ថកិច្ចជំនាញ មួយក្រុមដឹកនាំដោយ លោក ប៊ូ សារ៉េន បានចុះដល់កន្លែងកើតហេតុ ជនសង្ស័យ មួយក្រុមប្រដាប់ ដោយអាវុធវែង ២ដើម មិនស្គាល់ម៉ាក និង គល់ឬស្សី០១កង់ ប្រវែងប្រហែល ៨០ សង់ទីម៉ែត្រ បានធ្វើសកម្មភាពភ្ជង់គំរាមម្ចាស់ផ្ទះ យកមាសអស់ ៥ជី លុយ ២០០ ដុល្លារ និងទូរស័ព្ទមួយគ្រឿង។

សមត្ថកិច្ចបានធ្វើ កំណត់ហេតុ ទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងកំពុងស្រាវជ្រាវរកមុខសញ្ញា។

ករណីនេះបានបញ្ចប់នៅម៉ោង ១១ និង ៤០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង
Open

Close