ក្រោយបែកធ្លាយរឿងអាស្រូវ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ិន រស្មីឬទ្ធា ត្រូវ សម្តេចតេជោ ចេញអនុក្រឹត្យផ្ទេរភារកិច្ច ហើយ!

ភ្នំពេញ ៖  ក្រោយបែកធ្លាយរឿងអាស្រូវ  លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ិន រស្មីឬទ្ធា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចចេញ អនុក្រឹត្យ ផ្ទេរភារកិច្ច មកជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយករង កាលពីថ្ងៃទី៣  ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

នេះ បើយោងតាមអនុក្រឹត្យ ដែលសារព័ត៌មានយើងទទួលបាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

 គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ទទួលបានពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធជាច្រើនច្បាប់ រួមទាំងរូបថតចុងចម្លើយតាមរយៈប្រពន្ធអេឡិចត្រូនិច (តេឡេក្រាម)ដែលភាគីអះអាងថា ជាជនរងគ្រោះ បានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចោទប្រកាន់លោកផ្កាយ៣អគ្គនាយករងពន្ធនាគារម្នាក់ ដោយមានខ្លឹមសារថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ៥១ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ.ឆបោក លើទឹកប្រាក់៧១ ០០០ ដុល្លារអាមេរិក ។

ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខណ្ឌនគរបានជាតិសម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយបីអាចជួយឲ្យចូលក្របខណ្ឌបាន តម្រូវយកប្រាក់ក្នុងម្នាក់ពី១ម៉ឺនដុល្លារអាមេរិកឡើងទៅ ដោយធានាថារយៈពេល២ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌ បើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ ។

ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានប្រគល់ប្រាក់ចំនួន៧.១០០០ដុល្លារអាមេរិក ឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យមនុស្ស៧ នាក់បានចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។ ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយ មកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខណ្ឌទេ ហើយក៏មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹងវិញដូចការអះអាងនោះដែរ ថែមទាំងគេចខ្លួនតែម្តង ។

ក្រោយពីមានពាក្យបណ្តឹង នោះហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី១ នឹងលើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹងរបស់ជនរងគ្រោះ  ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើក តាមការកំណត់នោះឡើយ ។ ហើយពាក្យបណ្តឹងនោះសមត្តកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ បើសិនជាភាគីទាំងពីរមិនអាចដោះស្រាយបញ្ចប់គ្នាបាន នៅ ចំពោះ មុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ ។

សារព័ត៌មាន មិនអាចរកការទំនាក់ទំនងទៅលោកផ្កាយ៣ អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នោះបានទេ នាពេលនេះ  ព្រោះគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង  សារព័ត៌មានយើងខ្ញុំរង់ចំាការបំភ្លឺគ្រប់ពេល ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close