បាត់ដំបង៖ បុរសម្នាក់ លោតពីលើស្ពានថ្មថ្មី ធ្វើអត្តឃាតសម្លាប់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបងចុះជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៤ ខែគុម្ភះ ឆ្នាំ២០២២ នៅចំណុចលើស្ពានថ្មថ្មី នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗនោះលោកផេង សិទ្ធី អភិបាលក្រុងបាត់ដំ៎បង និងកម្លាំងនគរបាលក្រុងបាត់ដំបង ចុះជួយស្រង់ជនរងគ្រោះដែលនៅមានជីវិតរស់នៅឡើយ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ អោយដឹងថា ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស មានអាយុប្រហែល៣៥ឆ្នាំ បានលោតពីលើស្ពានថ្មថ្មី ចូលទៅក្នុងស្ទឹងសង្កែ ប៉ុនប៉ងធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន ដោយមិនមាននរណារុញច្រានទំលាក់ ជនរងគ្រោះនោះទេ។
បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កំពុងស្រាវជ្រាវ រកអត្តសញ្ញាណ និងសាច់ញាតិរបស់ជនរងគ្រោះ៕ ដោយ ៖ សុខ កុសល