ខេត្តសៀមរាប ៖ តាមប្រភព ច្បាស់ការណ៍ បានឲ្យដឹងថា ម្ចាស់ទីតាំង បើកបនល្បែង សង្វៀនជល់ មាន់ និងអាប៉ោង ដ៏ធំមួយកន្លែង នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បាននឹងកំពុងបើកដំណើរការយ៉ាងរលូន ទទួល ក្រុមអ្នកញៀនល្បែង យ៉ាងគគ្រឹកគគ្រេង តែ អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ហាក់មិនដឹង និងមិនទាន់មានវិធាន ការបង្ក្រាប នៅឡើយ ឬមួយ បារមី របស់ អាជ្ញាធរ និងសមត្ថកិចក្ច ទាប ម្ចាស់បនល្បែងស៊ីសង?
ប្រភពបញ្ជាក់ច្បាស់ៗថា បុគ្គលម្នាក់ ពីមុនល្បីឈ្មោះ ធ្លាប់បើកល្បែង ដ៏ធំនៅ ខេត្តកណ្ដាល- អរិយក្សត្រ និងខេត្តតាកែវ ម្តងរួចមកហើយតែត្រូវ អាជ្ញាធរមានសមត្ថកិច្ច បង្ក្រាប បន្ទាប់មកក៏ស្ងាត់មួយរយៈ ប៉ុន្តែឥឡូវនេះបែរជាមកសហការជាមួយ ឈ្មោះ វ៉ាន់ នៅសៀមរាប បើកសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ដដែល។
ប្រភពបញ្ជាក់ថា ទីតាំងបនល្បែង មួយនេះចូល តាមផ្លូក្រវ៉ាត់ក្រុងទី២ បំបែកចូលតាមតាមផ្លូវក្រួសក្រហម បុកទៅបឹងពារាំង ខាងត្បូងហាង ម្លប់ឬស្សី បឹងពារាំង ប្រហែល៥០០ម៉ែត្រ បត់ស្ដាំដៃនៅ ចំណុចលើទួល មួយកន្លែង ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែល បញ្ជាក់ថា សម្រាប់ទីតាំងបនល្បែងខាង លើនេះគឺ គេមានអ្នកឈរមើលផ្លូវ យ៉ាងតឹងរឹង មិនអោយអ្នកការសែត ឬ អ្នកប្លែកមុខ ចូលជាដាច់ខាត និង អ្នកមានខ្លះទៀត ឈរចាំសម្របសម្រួលនេះជាយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់ក្រុមបនល្បែងក្រុង និងខេត្តសៀមរាប ។
គួររំលឹកផងដែរថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិឃុំ មានសុវត្តិភាពទាំង៧ចំណុច ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃ ។
មហាជន រង់ចាំមើលថាតើ លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប និង លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ហ៊ានបង្ក្រាបចុះទីតាំងបនល្បែងដ៏ធំមួយនេះ តាមប្រសាសន៍សម្ដេចក្រឡាហោម ដែលឬទេ? ខណៈពលរដ្ឋថា ម្ចាស់បនល្បែង មួយនេះ មានអំណាចខ្លាំងអស្ចារ្យ៕
អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺ ពីសមីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។