មណ្ឌលគិរី៖ សមត្ថកិច្ចបានឲ្យដឹងថា សាកសព២នាក់ទៀតត្រូវបានគេរកឃើញពេលព្រឹកថ្ងៃទី៣កុម្ភៈ ២០២២ នេះក្នុងសំណុំរឿងឃាតកម្មដ៏សាហាវមួយ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សាកសពមួយក្នុងចំណោមសាកសពអារាត់អារាយដែលគេរកឃើញក្នុងព្រៃក្នុងភូមិឡៅកា។
លោក សូរ សុវណ្ណ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា សាកសពជនរងគ្រោះដែលទើបរកឃើញចុងក្រោយនេះមានឈ្មោះ និច ស្រី ភេទស្រីអាយុ ៤១ឆ្នាំជាជនជាតិព្នង និងឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ៥ឆ្នាំ ជាជនជាតិព្នង ដោយនៅលើរាងកាយអ្នកទាំងពីរមានការវាយ និងវត្ថុរឹងរហូតដល់ស្លាប់។
លោកថា ឃាតកម្មដ៍ព្រៃផ្សៃនេះ ផ្ដើមឡើងតាំងតែពីថ្ងៃទី១ កុម្ភៈ ២០២២ មាន អ្នកស្លាប់៥នាក់ (ស្រី១នាក់) និងក្មេងប្រុសម្នាក់របួសធ្ងន់ ពេលនេះកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ ។
បើកតាមលោក សូរ សុវណ្ណ នេះជាករណីឃាតកម្ម ដ៍សាហាវលើកទីមួយហើយ នៅក្នុងខេត្តភាគឦសានមួយនេះ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងតែប្រឹង ប្រែងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនល្មើស៕ ដោយ៖ សាត ចិន្តា