ក្រោយសមត្ថកិច្ច ប្រកាសដាក់អោយប្រើសាកល្បង Hotline 117 មាន ពលរដ្ឋ ខលសុំកិច្ចអន្តរាគមន៍ បណ្តើរៗ ហើយ!

ភ្នំពេញ៖ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង២៤និង០៦នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១១៧ ពីឈ្មោះ សេង លឹម ភេទប្រុស បានប្រាប់ថា៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2T-8114 ដឹកអ្នកដំណើរ០៦នាក់ ស្រី០៣នាក់ ពីស្រុកគីរីសាគរ ឆ្ពោះទៅភ្នំពេញ បណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង រងរបួសស្រាល០២នាក់ ស្រី០១នាក់ នៅលើវិថីព្រឹទ្ធចារ្យសាយភូថង ស្ថិតនៅភូមិជីមាស ឃុំអណ្ដូងទឹក ស្រុកគីរីសាគរ ខេត្តកោះកុង ។

ក្រោយទទួលព័ត៌មានពីបុរសខាងលើរួចមក ក្រុមការងារប្រចាំបញ្ជា (១១៧) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអនុសេនីយ៍ឯក ចាន់ ថន នៅវេលាម៉ោង២៤និង០៨នាទី បានបញ្ជូនព័ត៌មាននេះទៅលោកស្នងការរង ស សារ៉ាត់ ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

ជាលទ្ធផលនៅវេលាម៉ោង២៤និង២០នាទី សមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយលោកអធិការ យេន តូច បានចុះដល់កន្លែងកើតហេតុ ហើយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងស្ទូចយករថយន្តមករក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយតាមនីតិវិធី។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារបើកបរក្នុងល្បឿនលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹង។ ករណីនេះត្រូវបានបញ្ជប់នៅម៉ោង០៣ និង៣៥នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

ដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលនៅគ្រប់កាលៈទេសៈ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១១៧ (ដោយឥតគិតថ្លៃ) យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន និងពិនិត្យលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយជូនទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close