ភ្នំពេញ៖ ពលរដ្ឋថា មួយរយៈចុងក្រោយនេះ បទល្មើស លួច ឆក់ ប្លន់ ហាក់ កក្រើកឡើងវិញ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ជាពិសេស ករណី គាស់លួចយក ស្លាកលេខរថយន្ត តែម្តង ជាហេតុនាំ ពលរដ្ឋ សម្តែងក្តីព្រួយបារម្ភខ្លាំង ខណៈចំណាត់ការបង្ក្រាបរបស់ សមត្ថកិច្ច ហាក់នៅមានកំរិត នៅឡើយ។
ជាក់ស្តែង រថយន្ត១គ្រឿង ទៀត ត្រូវបានក្រុមចោរ ដែលជំនាញលួចស្លាកលេខ គាស់លួចបានសម្រេច នៅមុខផ្ទះភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹង ប្តឹងចូលទៅកាន់ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ទី១ បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ជា សុវណ្ណច័ន្ទសម្បត្តិ ភេទ ស្រី អាយុ ៤១ឆ្នាំ ស្នាក់នៅ នៅទីតាំងកើតហេតុខាងលើ ។
តាមការរៀបរាប់ពីជនរងគ្រោះ បាបអោយដឹងថា កាលពីវេលាម៉ោង ២១ និង០០នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២២ គាត់បានចតរថយន្តទុក នៅមុខផ្ទះ រួចចូលសំរាន្តបាត់ទៅ លុះដល់ម៉ោង៨ព្រឹក ទើបដឹងថា បាត់ស្លាកលេខ រថយន្តទាំងមុខទាំងក្រោយ ហើយគាត់ និងអ្នកជិតខាង បានឆែកតាម កាម៉េរាសុវត្ថិភាព ក៍ឃើញមានក្រុមជនមិនស្គាល់មុខ ធ្វើសកម្មភាពគាស់លួចយកស្លាកលេខរយន្តមែន។ ក្រោយកើតហេតុ ជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ទី១ ដើម្បីសុំអោយ សមត្ថកិច្ច ជួយស្រាវជ្រាវ រកស្លាកលេខរថយន្ត ខាងលើ ដោយក្តីអនុគ្រោះ។
ពលរដ្ឋថា បទល្មើស លួច ឆក់ ប្លន់ បន្តកើតមាន ញឹកញាប់បែបនេះ តើ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានគិតគូ ពីបញ្ហាសុខទុក្ខ និងក្តីកង្វល់ របស់ពលរដ្ឋដែរ ឬទេ ?
ពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ មេត្តាដាក់កម្លាំងជំនាញបន្ថែម ជួយចាប់ជនល្មើសយក មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅបានសុខ ក្រោមម្លប់សន្តិភាពផង។
គួររំលឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា ប្រទេសកម្ពុជាយើង មានសុខសន្តិភាពពេញលេញ គ្មានអំពើភេវរកម្ម និងគ្មានការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នោះទេ ប៉ុន្តែអ្វីដែលមិនទាន់កក់ក្ដៅនោះ គឺការកើតមានអំពើ ឆក់ប្លន់ និងគ្រឿងញៀន។
សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា «ប្រសិនបើប្រជាជន មានសន្តិភាព ប៉ុន្តែមិនទាន់មានសន្តិសុខ ដែលថ្ងៃណា ក៏កើតមានចោរលួច ចោរប្លន់នោះ តើអារម្មណ៍ របស់គាត់យ៉ាងដូចម្ដេច? គឺពួកគាត់ប្រាកដជាមានការភ័យខ្លាចមិនខាន ដោយម្យ៉ាងស្រុកយើង មិនបានផ្ដល់សិទ្ធិឱ្យពលរដ្ឋប្រើប្រាស់អាវុធដែរ ដូច្នេះយើងជាអាជ្ញាធរ កម្លាំងសមត្ថកិច្ច ត្រូវដោះស្រាយ ពង្រឹងសន្តិសុខ និងចាប់អ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោសឱ្យបាន»។
ថ្លែងបែបនេះ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ គ្រាដែល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា នៅស្រុកកំចាយមារ ខេត្តព្រៃវែង។