ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសប្បុរសជនដែលឧបត្ថម្ភការសាងសង់ផ្ទះជូនអតីតយុទ្ធជន

ភ្នំពេញ៖ នាពេលថ្មីៗនេះ នៅទីបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន បានទទួលជួបសំណេះសំណាលជាមួយសប្បុរសជនចំនួន ២០រូប ដែលបានចូលរួមឧបត្ថម្ភដល់ការសាងសង់លំនៅឋានជូនអតីតយុទ្ធជន។

ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់សប្បុរសជននាឱកាសនោះ ឯកឧត្តម អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន ក្នុងនាម ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមានចិត្តរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាថវិកា ដើម្បីរួមចំណែក្នុងការកសាងផ្ទះជូនអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ដែលមានជីវភាពខ្វះខាត។

ឯកឧត្តម បានលើកឡើងថា ការដោះស្រាយលំនៅឋានជូនអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ដែលមានជីវភាពខ្វះខាតនាពេលនេះ គឺជាការរួមចំណែកដ៏ថ្លៃថ្លាជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងបានរំលឹក និងជំរុញជាប់ជាប្រចាំ ក្នុងការគិតគូរយកចិត្តទុកដាក់ ចំពោះសុខខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ តាមរយៈការរៀបចំផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផល ដីសង់លំនៅឋាន និងការឧបត្ថម្ភជាក់ស្តែងផ្សេងៗមួយចំនួនទៀត។

ឯកឧត្តម បន្ថែមទៀតថា លក្ខខណ្ឌអំណោយផលនៃសន្តិភាព ស្ថិរភាពនយោបាយ បាននិងកំពុងបន្តផ្តល់ឱកាសដល់ការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ទាំងវិស័យសាធារណៈ និងឯកជន។ ជាក់ស្តែងណាស់ វឌ្ឍនភាព និងសមិទ្ធផលទាំងអស់នេះ គឺបានកើតទ្បើងពីការខិតខំតស៊ូ និងការបូជាលះបង់សាច់ស្រស់ ឈាមស្រស់របស់អ៊ំពូមីងអតីតយុទ្ធជននៅលើសមរភូមិជាច្រើន ដូច្នេះ ការចូលរួមចំណែកជួយដល់ពួកគាត់នៅពេលនេះ គឺប្រៀបបាននឹងការតបស្នងសងគុណចំពោះអ្នកដែលបានផ្តល់ឱកាសឱ្យកើតមានសុខសន្តិភាពនៅលើទឹកដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close