ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រង ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ!
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផល សកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលជោគជ័យនេះបានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តថា ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖
-ការចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជាដំណើរការឃោសនា និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។
-ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តការយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗរបស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួយចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផលិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបាន ជាដើម។ និង
– ការបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញ ០១ ឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អ ប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង។