ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យសប្បុរសជនដែលបានជួយឧបត្ថម្ភដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយសប្បុរសជនជាច្រើនរូប ដែលបានចូលរួមចំណែកជួយឧបត្ថម្ភអំណោយជាសម្ភារបរិក្ខាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្នុងនោះក៍មានការចូលរួមផងដែរពីទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាសមាជិក សមាជិកា នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នូវអំណរគុណចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជន ដែលបានរួមចំណែកឧបត្ថម្ភថវិកា និងសម្ភារបរិក្ខា ដើម្បីគាំទ្រដល់កងទ័ពជើងគោក ក៏ដូចជាសមាគម TYDA នៅក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ឯកឧត្តម បណ្ឌិត ហេង វុទ្ធី ក្នុងនាមសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងជួសមុខឱ្យសប្បុរសជនទាំងអស់ បានគោរពថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានខិតខំប្រឹងប្រែង
លះបង់អស់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់នៅក្នុងបេសកកម្មជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ រហូតត្រូវបានប្រសិទ្ធនាមថាជាមេទ័ពអាវសដ៏អង់អាច។
ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃស្មារតីជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈលំបាក ជាពិសេសក្នុងស្ថានការណ៍នៃជំងឺកូវីដ-១៩។ ឯកឧត្តម បានបន្តថា នៅកម្ពុជា សភាពរីករាលដាលនៃជំងឺនេះកំពុងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ខណៈបណ្តាប្រទេសលើសកលលោកកំពុងប្រឈមខ្លាំងនៅឡើយ ដែលនេះគឺជាជោគជ័យមួយគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយជោគជ័យនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាអង្គការ សមាគមទូទាំងប្រទេសនោះឡើយ ជាពិសេសការចូលរួមចំណែកគាំទ្រពីសំណាក់សប្បុរសជន និងវិស័យឯកជននានា ក៍ដូចជាពីបណ្តាប្រទេសជាមិត្តផងដែរ៕