ស្ថានភាព ភូមិសាស្ត្រ មិនអំណោយផល ផ្លូវតូចចង្អៀត ពិបាកធ្វើដំណើរ ក្រុមអ្នកលេងល្បែងជល់មាន់ អាចរត់គេចខ្លួន បានទាំងអស់!

ខេត្តកំពត៖ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ អធិការដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបទីតាំងលួចលាក់បើកលេងល្បែងស៊ីសង និងជល់មាន់ខុសច្បាប់មួយកន្លែង នៅចំណុចដីចម្ការ (ខាងកើតតារាងយន្តហោះ) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រ រាជសីហ៍ ឦសាន ពាក់ព័ន្ធករណីមានទីតាំងលួចលាក់បើកល្បែងស៊ីសង និងកន្លែងជល់មាន់ខុសច្បាប់ នៅចំណុចទីតាំងខាងលើ នៅវេលាម៉ោង ៩ និង ៣០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានក្រុងកំពត ដឹកនាំដោយ លោកវរសេនីយ៍ឯក ហោ វណ្ណា អធិការនគរបាលក្រុង បានចុះពិនិត្យនៅចំណុចទីតាំងសង្វៀនជល់មាន់ខាងលើដើម្បីធ្វើការបង្ក្រាប។

ដោយសារស្ថានភាព ភូមិសាស្ត្រ មិនអំណោយផល ផ្លូវតូចចង្អៀត ពិបាកធ្វើដំណើរ ដោយត្រូវដើរឆ្ងាយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកលេងល្បែងជល់មាន់ដែលនៅទីតាំងនោះមានការភិតភ័យរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេល កងកម្លាំងនៃអធិការដ្ឋាន ទៅដល់ បានធ្វើការរុះរើ និងនាំយកសម្ភារៈមួយចំនួនពីទីតាំងសង្វៀនជល់មាន់ខុសច្បាប់ខាងលើនោះ យកមកកាន់អធិការដ្ឋាន និងបានកោះហៅម្ចាស់ទីតាំងមកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់ បើកសង្វៀនជល់មាន់ខុសច្បាប់បន្តទៀត។

ជាមួយគ្នាផងដែរ អធិការដ្ឋាននគរបាលក្រុងកំពត ក៏សូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ចំពោះកិច្ចសហការផ្តល់ព័ត៌មាន ដល់កងកម្លាំង នៃអធិការដ្ឋានឱ្យបានដឹង ដើម្បីធ្វើការចុះបង្ក្រាប។

អត្ថបទដែលជាប់ទាក់ទង
Open

Close