ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យពីសក្តានុពលទេសចរណ៍ធម្មជាតិ ព្រៃ កោងកាង ដែលស្ថិតនៅតំបន់ព្រែកទឹកសាប ក្នុងស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ ដើម្បីលើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក៏ដូចជាអភិវឌ្ឍវិស័យអេកូទេសចរណ៍ក្នុងតំបន់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងលោក សរ កក្កដា អភិបាល ស្រុកព្រៃនប់ ចុះពិនិត្យពីសក្តានុពលទេសចរណ៍ព្រៃកោង កាង ដែលស្ថិតនៅតំបន់ព្រែកទឹកសាប ក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមមន្ត្រីជំនាញបានឱ្យដឹងថា នៅតាមបណ្តោយព្រែកទឹកសាបមានរុក្ខជាតិដុះចម្រុះជាច្រើនមានដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ ដើមចាក និងរុក្ខចម្រុះជាច្រើនប្រភេទផ្សេងទៀត ដែលជាសក្តានុពលសម្រាប់ទេសចរណ៍ដ៏សម្បូរបែប។ នៅក្នុងតំបន់នេះភ្ញៀវទេសចរណ៍អាចជិះទូកលេងកម្សាន្តតាមដងព្រែកទឹកសាប មើលទេសភាពព្រៃកោងកាងដុះអមសង្ខាងព្រែក ដែលមានប្រវែងប្រមាណជា ១២គីឡូម៉ែត្រ ។ ភ្ញៀវទេសចរណ៍ ក៏អាចមើលសត្វត្រដក់ និងសត្វស្លាបផ្សេងៗ នៅចំណុចវាលសត្វ(កោះដាំ) អាចមើល ឃើញពីការនេសាទជាលក្ខណៈគ្រួសារ របស់ប្រជានេសាទដែលរស់នៅតំបន់នោះផងដែរ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាមូលដ្ឋានបំផុសប្រជាពលរដ្ឋចេះស្រ ឡាញ់ ការពារបរិស្ថាននៅតាមដង ព្រែកទឹកសាប និងឱ្យមន្ត្រីជំនាញដាំដុះដើមកោងកាងបន្ថែមនៅតំបន់ព្រៃរិចរិល ព្រោះព្រៃកោងកាងជាជម្រកបក្សា បក្សី និងជាមន្ទីរសម្ភពរបស់មច្ឆាជាតិ ហើយប្រជាពលរដ្ឋសហគមន៌ អាចចេញទៅនេសាទយកមកផ្គត់ផ្គង់គ្រួសារ និងយកមកផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ក្នុងសហគមន៍ ដើម្បីជួយបង្កើនជីវភាពគ្រួសារបានបន្ថែមទៀត ។
ឯកឧត្តមសង្ឃឹមថា តំបន់ព្រែកទឹកសាបនេះ នឹងក្លាយជាតំបន់អេកូទេសចរណ៍មួយទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសនាពេលខាងមុខ ៕