កំពង់ស្ពឺ ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងកិច្ចសហការល្អពីជំនាញពាក់ព័ន្ធ កំលាំងនគរបាលនៃ អធិការដ្ឋានស្រុកឧដុង្គ បានបង្រ្កាបករណីចោរលួចម៉ូតូបានភ្លាមៗ។ កិច្ចប្រតិបត្ដិការនេះដឹកនាំដោយ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុក ។
តាមការបញ្ជាក់ពី លោកអធិការស្រុក ថាករណីនេះ កើតហេតុនៅចំណុចភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជនរងគ្រោះបានបញ្ឍរម៉ូតូក្បែរកន្លែងលក់ដូររបស់គាត់ ម៉ូតូម៉ាកស្កុបពី(Cpopy) ពណ៌ស ពេលនោះមានមនុស្ស០៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក (MSX) ពណ៌ក្រហមលាយស មិនដឹងស្លាកលេខ បានជិះមកទម្លាក់មនុស្សម្នាក់រួចធ្វើសកម្មភាពលួចតែម្ដង។
ជនសង្ស័យជាចោរលួចឈ្មោះ ម៉ៅ សុវ៉ាត់ត្រា ភេទប្រុស អាយុ១៩ឆ្នាំ (ឃាត់ខ្លួនបាន) មុខរបរមិនពិតប្រាកដ រីឯបក្ខពួកផ្សេងទៀតគេចខ្លួនមិនដឹងទៅកន្លែងណា? ជនសង្ស័យមានទីលំនៅមិនពិតប្រាកដ ម្ដងថានៅ រាជធានីភំ្នពេញ ម្ដងថានៅខេត្ដ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់និងបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុក សាកសួរនិងកសាងសំណុំរឿង ចំណាត់ការតាមនីតិវិធីច្បាប់៕