បនល្បែងសុីសងខុសច្បាប់ នៅឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី បើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ បន្ទាប់ពីបិទរយៈពេលខ្លី

ខេត្តរតនគិរី ៖ យោងតាមពីប្រជាពលរដ្ឋ ដែលចូលខមិនក្នុងផេកផ្លូវការទូរទស្សន៍ខេត្ត(ទខរគ) នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ សំណូមពរអោយជួយផ្សព្វផ្សាយ ពីសកម្មភាពបនល្បែងសុីសងខុសច្បាប់១កន្លែងផង នៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ រួមមាន៖ ជល់មាន់់,អាប៉ោង និងយូគីជាដើម បានបើកលេងយ៉ាងគគ្រឹកគក្រេងវិញហើយបន្ទាប់ពីបិទរយៈពេលខ្លី។

យោងតាមប្រភព ពីប្រជាពលរដ្ឋនៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ បានបង្ហើបអោយដឹងថា ពិតជាមានការបើកអោយលេងល្បែង សុីសង ខុសច្បាប់ដូចជា ជល់មាន់ អាប៉ោង និងយូគីពិតប្រាកដមែន តែមិនមែនលេងនៅឃ្លាំងទីតាំងចាស់នោះទេគឺ ម្តងនេះលេងក្នុងចំការកៅស៊ូប្រមាណ១គីឡូម៉ែត្រពីទីតាំងចាស់នោះ។

ប្រភពបន្តថា ការបើកលេងម្តងនេះ គឺ ឈ្មោះ តន មេការម្តងបន្ទាប់ពីការបើកលេងលើកមុនឈ្មោះ ថន ប៊ុន ធី ហៅ ធី បាញ់ ជាមេការតែត្រូវសមត្ថកិច្ចចុះបង្រា្កបដោយសារបែកធ្លាយតាមសារព័ត៌មានចុះផ្សាយ។

ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក ហេង ប៊ុន្នី អភិបាលស្រុក បរកែវ បានអោយដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២២ យ៉ាងខ្លីថា លោកនឹងអោយអធិការចាត់កម្លាំងទៅមើលសិន។ ចំណែកលោក ថេង ចន្ធី អធិការស្រុកបរកែវ ក៏បានអោយដឹងតាមទូរស័ព្ទនៅថ្ងៃដដែលនេះផងដែរថា លោកមិនទាន់ទទួលព័ត៌មានពីការលេងល្បែងសុីសង ខុសច្បាប់នៅទីតាំងខាងលើនោះទេ។ ឥឡូវលោកកំពុងរវល់បុណ្យសពឪពុកក្មេក តែបើមានលេងមែន លោកនឹងចាត់កម្លាំងចុះបង្រ្កាបតែម្តង។

សូមបញ្ជាក់ថា បញ្ហាល្បែងសុីសងនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដាស់តឿនក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបអោយខានតែបានបើសិនជាមានក្នុងមូលដ្ឋាន របស់ខ្លួន៕

ប្រភព៖ ទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV

អត្ថបទដែលជាប់ទាក់ទង
Open

Close