បញ្ជូនមនុស្សប្រុសស្រី ៦នាក់ ទៅអោយ តុលាការ សម្រេចទោស ពាក់ព័ន្ធនឹងគ្រឿងញៀន!

ខេត្តស្វាយរៀង៖  សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានធ្វើការបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងបាន ចុះធ្វើការបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យ

ទី១ ឈ្មោះទេព ចន្នា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង
ទី២- ឈ្មោះ នួន ហឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ដោយចាប់បានវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់ថ្នាំសុទ្ធ ០,៧១ ក្រាម
២- បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន ០១ ។

ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទេព ចន្នា ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ អែល ស្រីពៅ ភេទស្រី អាយុ ២៥ឆ្នាំ។

រហូតដល់វេលាម៉ោង០៦និង៤៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលជនសង្ស័យនោះឈ្មោះ អែល ស្រីពៅ ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អែល ស្រីពៅ បានសារភាពថាខ្លួនទិញថ្នាំញៀនពីឈ្មោះ សួន អានីសា ភេទស្រី ។

រហូតដល់ម៉ោង ១០និង៣០នាទីដដែល កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយទាប កម្លាំងកងរាជអាវុធស្រុកកំពង់រោទ៍ សហការជាមួយមន្ទីរបង្រ្កាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី ១ នាក់

១-ឈ្មោះ សួន អានីសា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
២-ឈ្មោះ សួន សេរី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ដែលចាប់បានវត្ថុតាងរួមមាន៖

១-ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ធំទម្ងន់ថ្នាំសុទ្ធ ៥៣,៥០ ក្រាម
២-ទូរសព្ទចំនួន ០៣ គ្រឿង
៣-សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សួន សេរី បានសារភាពថាខ្លួនទិញថ្នាំញៀនពីឈ្មោះ កើត ចាន់ណារិទ្ធ ភេទប្រុស ។
រហូតដល់ម៉ោង ១១និង ៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ប្រុស ។
១-ឈ្មោះ កើត ចាន់ណារិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
វត្ថុតាងរួមមាន៖

១.ជញ្ជីងចំនួន១គ្រឿង
២.សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ ដោយ:Win

អត្ថបទដែលជាប់ទាក់ទង
Open

Close