សៀមរាប ៖ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ ស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
ទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធករណីឃាតកម្មគិតទុកមុន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង២០នាទី នៅក្នុងកម្មវិធី បង្កក់កូន របស់ឈ្មោះស៊ាន ខន ភេទប្រុស នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចបានបញ្ជាក់ថា : នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ ល្ងាច នៅផ្ទះឈ្មោះ ស៊ាន ខន
ភេទប្រុស នៅភូមិកើតហេតុខាងលើមានកម្មវិធី ជប់លៀង បង្កក់កូន មានភ្ញៀវចូលរួមច្រើនផឹកស៊ី រហូតដល់ម៉ោង ៩ និង២០នាទីយប់ ជនសង្ស័យខាងលើស្រវឹងស្រាបានយកកាំបិតខ្វែវ ទៅកាប់ជនរងគ្រោះឈ្មោះ សយ បូរំ ភេទប្រុស អាយុ៤៧ឆ្នាំស្រុកកំណើត និងទីលំនៅសព្វថ្ងៃ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូនដែរនោះ ត្រូវត្រង់ដើមទ្រូងឆ្វេងចំនួន ០១ខ្វែវ និងត្រង់ស្មាខាងស្តាំចំនួន១ខ្វែវ បណ្តាលឲ្យរងបួសធ្ងន់ ពេលនោះត្រូវបានបងប្អូនដឹកតាមរថយន្តមកពេទ្យ ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៍ដាច់ខ្យល់ស្លាប់តែម្តង ។
តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ និងខ្វែវពិតមែន មូលហេតុ មានកំហឹងនិងជនរងគ្រោះ ដែលបានវាយប្អូនខ្លួនកាលពីឆ្នាំទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ រួមជាមួយវត្ថុតាង កាំបិតខ្វែវ ០១ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ៕