វិធានការក្តៅ ក្នុងការសង្គ្រោះចិញ្ចើមផ្លូវ របស់ អភិបាលខណ្ឌទួលគោក ហាក់ធ្លាក់មកនៅកា្រម សូន្យហើយ!

ភ្នំពេញ ៖ វិធានការក្តៅ ក្នុងការសង្គ្រោះចិញ្ចើមផ្លូវ របស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ហាក់ធ្លាក់ មកនៅក្រោមសូន្យ អង្សាសេ ទៅហើយ ព្រោះថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ លោកអភិបាលខណ្ឌ បានបញ្ជាអោយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និងមានការចូលរួមពី លោកអធិការរងនគរបាលខណ្ឌ លោកនាយករងរដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ទឹកល្អក់ទី១ លោកនាយនគរបាលប៉ុស្តិ៍ កម្លាំងនគរបាល និង កម្លាំងប្រជាការពារសាលាខណ្ឌ សរុប ២៣នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបង មន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជាលទ្ធផល កម្លាំងបានឃាត់ម៉ូតូ បានសរុបចំនួន៧គ្រឿង ចតលើចំណីផ្លូវ បង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះ អាសន្នដើម្បីអប់រំនិងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើម ផ្លូវលេខ ២៥៧ បានចំនួន ៨ទីតាំង ព្រមទាំងបានបញ្ឈប់ការលក់ដូរ លើទ្រូងផ្លូវ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ផងដែរ។

តែរឿងដែល មហាជន នឹកហួសចិត្តស្មានមិនដល់នោះ គឺ មិនដល់២សប្តាហ៍ផង ជុំវិញមន្ទីរពេទ្យកុមារជាតិ ចិញ្ចើមផ្លូវទាំង៣ខ្សែ ត្រូវបានក្រុមអាជីវករ បន្តលក់ដូរ និងចតម៉ូតូ រថយន្ត នៅលើចិញ្ចើមផ្លូវដដែល ។

សូមជម្រាបថា ចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យកុមារជាតិ គឺ ចិញ្ចើមផ្លូវលេខ១១៨ មានតូបនិងចតរថយន្តនិងរោងលក់ដូរ ចំណុចខាងលិចជាកន្លែងចរាចរបត់ចុះឡើងផ្លូវសហ័ពន្ធរុស្ស៊ី ឧស្សាហ៍បង្កការកកស្ទះចរាចរណ៍ដោយខាងក្រុមហ៊ុនធានារ៉ាប់រងឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យ អស់ពាក់កណ្តាល គឺនៅលើផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ ដោយហេតុផលផ្តល់ថវិកា ជូនមន្ទីរពេទ្យថែទាំ និងជួសជុលរបងមន្ទីរពេទ្យ ។

កន្លងទៅ លោក ប៊ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានប្រាប់អ្នកសារព័ត៌មាន ថា បញ្ហាដែលក្រុមហ៊ុនធានារ៉ាប់រងយកចិញ្ចើមផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ គឺ ដោយសារបានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនក្នុង១ឆ្នាំ ទៅមន្ទីរកុមារជាតិ ថែទាំ និង ជួសជុលរបង ។

ចំពោះបញ្ហាសណ្តាប់ធ្នាប់ ជុំវិញ មន្ទីរពេទ្យកុមារជាតិ អាជ្ញាធរសង្កាត់ ខណ្ឌ ហាក់ដូចមិនសូវគិតអំពីផលប៉ះពាល់ ការធ្វើដំណើរប្រចាំថ្ងៃ ការកកស្ទះ ចង្អៀត និង អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ជាពិសេស ហាក់មិនជួយលើកមុខមាត់ អភិបាលក្រុងភ្នំពេញ ក្រោមការដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង ទាល់តែសោះ។

អ្នកធ្វើដំណើរ បានសំណូមពរសាជាថ្មីម្តងទៀត ដល់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក មេត្តារៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរផង ជាពិសេស ជុំវិញ មន្ទីរពេទ្យកុមារជាតិ ដែល លោកអភិបាល បញ្ជាអោយរៀបចំថ្ងៃមុន ល្អមើល បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
ជុំវិញការ សង្គ្រោះចិញ្ចើមផ្លូវ ពីការរំលោភធ្វើចំណត និងអាជីវកម្មផ្ទាល់ខ្លួន ឯកឧត្តម អភិបាលរាជធានីភ្នំពេញ កាលពីទី២៣ ខែមករា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ ខណ្ឌទាំង១៤ និងសង្កាត់ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាព កាលពីរសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរ ពាក់ព័ន្ធបន្តសកម្ម ភាពរៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីឱ្យដូចភ្លៀងរលឹម ។

ឯកឧត្ដម ឃួង ស្រេង បានប្រសាសន៍ថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ ០០៧/១៧ សណន ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ក្នុងនោះផ្លូវសំខាន់ចំនួន ១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តន៍វិធានការរួម។

រូបភាពចុះរៀបចំកន្លងទៅ!

អត្ថបទដែលជាប់ទាក់ទង
Open

Close