បាត់ដំបង៖ ភោជនីយដ្ឋាន និងខារាអូខេយីហោ (ឌឺអូវើថែម) សង់អំពីថ្ម មានកំពស់៥ជាន់ ត្រូវអគ្គិភ័យឆាបឆេះបន្ទប់ចំនួន៤ នៅជាន់ទី៤ ទំហំ២០គុណ១៧ម៉ែត្រ បណ្តាលអោយខាតបង់បន្ទប់និងសម្ភារៈប្រើប្រាស់អស់ជាច្រើន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៨១ ក្រុមទី៤ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់ទឹកអស់ចំនួន៤ឡាន ទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញនិងមិនឆេះរាលដាលដល់ផ្ទះអ្នកខាង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ការខាតបង់ក្នុងករណីគ្រោះអគ្គិភ័យនៅចំណុចកើតហេតុខាងលើគិតសរុបជាទឹកប្រាក់អស់ចំនួន28000$(ពីរមុឺនប្រាំបីពាន់ដុល្លារ)។
ចំពោះមូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើងនោះកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវនៅឡើយ៕ ដោយ ៖ សុខ កុសល