ភ្នំពេញ៖ថ្មីៗ នេះមានការភ្ញាក់ផ្អើល និងការអាក់អនស្រពន់ចិត្តយ៉ាងខ្លាំង ក្រោយលិចលឺដំណឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នឹងមានមេប៉ុស្តិ៍ថ្មី មកដឹកនាំជំនួស លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដល់អាយុចូលនិវត្តន៍។
ការភ្ញាក់ផ្អើល ជ្រួលច្របល់ ណែនក្នុងឳរ៉ា ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មី នោះជា បុគ្គលមិនមែន ជាមន្ត្រីន គរបាល ដែលធ្លាប់បំរើការ ក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលឃ្មួញ ទាល់តែសោះ ស្រាប់តែស្ងាត់ៗ ធ្លាក់ពីលើមេឃ ធ្វើអោយមន្ត្រីនគរបាល ខិតខំបំពេញការងារ តាំងពីសក់ខ្មៅ រហូតប្រែទៅ បានត្រឹមខកចិត្ត ស្អិតទ្រូង មិនគួរណា មន្ត្រីថ្នាក់លើ មកដណ្តើមការងារថ្នាក់ក្រោមសោះ? ប្រភព ជជែកគ្នាមិនដាច់សូរពីព្រោះតែការតែងតាំងមន្ត្រីនាយនគរបាលប៉ុស្តិ៍ឃ្មួញ នោះហាក់ដូចជា មិនបានសួរនាំមន្ត្រី នៅក្នុងប៉ុស្តិ៍នោះសោះឡើយ។
បើតាមការជជែកតៗគ្នា នៅក្នុងចំណោមមន្ត្រីនគរបាល នៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហើបថា មន្ត្រីនគរបាល ដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះ គឺមកពីអធិការរដ្ឋានខណ្ឌទួលគោក។
គេមិនដឹងថា រឿងតែងតាំងមន្ត្រីមកពីអធិការនគរបាលខណ្ឌទួលគោក ឲ្យធ្វើជានាយប៉ុស្តិ៍នគរបាលឃ្មួញ ត្រឹមត្រូវដែរ ឬយ៉ាងណានោះទេ។ ប៉ុន្តែ ពិធីប្រកាសចូលកាន់តំណែងផ្លូវការនឹងត្រូវធ្វើឡើងនៅ ក្នុងពេលឆាប់ៗ ស្អែក ឬខានស្អែកនេះហើយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា ប្រសិនបើមានអ្នកចូលនិវត្ត គួរតែផ្ដល់ឱកាសឲ្យមន្ត្រីនៅនឹងកន្លែងឡើងបំពេញភារកិច្ចការងារបន្ត។ គេមិនដឹងថា តើមន្ត្រីនគរបាល នៅប៉ុស្តិ៍ឃ្មួញ គ្មានសមត្ថភាព ឡើងធ្វើជាមេប៉ុស្តិ៍ ឬយ៉ាងណាបានជាត្រូវយក មន្ត្រីនគរបាល ពីកន្លែងផ្សេង ឲ្យឡើងធ្វើជាមេប៉ុស្តិ៍យ៉ាងដូច្នេះ។ ប្រការនេះ វាហាក់ដូចជាផ្ទុយ ទៅនឹងគោលការណ៍របស់ក្រសួងមហាផ្ទៃ ទៅហើយដែរ ។
យ៉ាងណា ក៏ដោយ វាមិនអាចបកក្រោយបានទេ ពីព្រោះថាពិធីប្រកាសមេប៉ុស្តិ៍ថ្មី នឹងធ្វើឡើងក្នុងពេលឆាប់ឆាប់នេះ ហើយ។
ការយកមន្ត្រីពីកន្លែងផ្សេងមកដាក់ឱ្យត្រួតត្រាលើមន្ត្រីនៅទីកន្លែងមួយមិនមែនជារឿងងាយស្រួលនោះទេ។
បើទោះបីជាមានការលំបាកយ៉ាងណា ក៏ដោយថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចរួចហើយ ចំពោះ ករណីមន្ត្រីនគរបាលនៅ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ អ្វីដែលជាបញ្ហានោះ គឺពួកមន្ត្រីនគរបាល តូចតាច នៅប៉ុស្តិ៍ឃ្មួញ មានតែទ្រាំខាំមាត់សង្កត់ចិត្តតទៅទៀតប៉ុណ្ណោះ ការធ្វើការងារទាំងខាំមាត់សង្កត់ចិត្ត គឺមិនសូវទទួលបានលទ្ធផល ជាវិជ្ជមាន ផ្លែផ្កាធំដុំប៉ុន្មានទេ។