បែកធ្លាយ! មេសុរិយោដីបន្ទាយមានជ័យ លួចរៀបឯកសារដើម្បីកាត់ដីរដ្ឋក្នុងតំបន់៣ ជិត ១ពាន់ហិកតា ឲ្យឈ្មួញឈ្មោះ លី សំអាន ដោយមិនរងចាំការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី
បន្ទាយមានជ័យ៖ ដោយសារតែរងចាំការឆ្លើយតប និងសេចក្តីសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យូរពេក មិនឃើញឆ្លើយតបតាមសំណើ របស់អភិបាលខេត្តបន្ទាយមានជ័យ ដែលបានស្នើសុំ សម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឈ្មួញទិញដីឈ្មោះ លី សំអាន បន្តអាស្រ័យផលនៅលើទីតាំងដីកសិកម្មស្ថិតក្នុងភូមិសាស្ត្រតំបន់៣ ទំហំ ៧៧០ហិកតា លោក អាង ណារិទ្ធិ ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំក្រុមការងារចុះវាស់វែងដីតំបន់ ៣ ជាដីសាធារណៈរបស់រដ្ឋ ដើម្បីធ្វើប្លង់រឹងលោក លី សំអាន ដោយមិនខ្វល់ថាការឆ្លើយតបពីសម្តេចនាយករដ្ឋមន្ត្រីបែបណានោះទេ។
សូមជម្រាបថា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្តាយមានជ័យ បានស្នើសុំសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឈ្មួញទិញដីឈ្មោះ លី សំអាន បន្តអាស្រ័យផលលើទីតាំងដីកសិកម្មស្ថិតក្នុងតំបន់៣ ដែលមានទីតាំងទី១ នៅភូមិការបៅ ឃុំភ្នំលៀប ចំនួន ៣៨០ហិកតា នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះចំនួន ៣៩០ ហិកតា ប៉ុន្តែឈ្មោះលី សំអាន គ្មានសិទ្ធិចាត់ចែងគ្រប់ប្រភេទ និងមិនអនុញ្ញាតធ្វើជាកម្មសិទ្ធិនោះទេ។ នេះបើតាមលិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យលេខ៖ ១៦៣៦/១៩ លស ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្តាយមានជ័យ បានដាក់ពាក្យស្នើទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចនាយករដ្ឋមន្ត្រីនៅមិនទាន់ឆ្លើយតបបែបណាមួយនៅឡើយ ស្រាប់តែនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ លោក អាង ណារិទ្ធិ ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ និងភាគីពាក់ព័ន្ធ ១៣នាក់ ចុះធ្វើប្លង់បង្ហាញទីតាំងដី បម្រើផលប្រយោជន៍ឯកជន តាមការចង់បានរបស់លោក លី សំអាន។ នេះបើយោងតាមឯកសារដែលទើបតែនឹងបែកធ្លាយដល់ដៃអ្នកសារព័ត៌មាន។
លោក ចក់ គង់ ពលរដ្ឋនៅភូមិទ្រលោកត្បូង ដែលធ្លាប់បានអាស្រ័យផល ធ្វើស្រែនៅចំបន់៣ចំនួន៣០ហិកតាមុនការដកហូត បានឲ្យដឹងថា ការផលិតផែនទីគោល ដែលមានត្រាបញ្ជាក់យ៉ាងក្រហមឆ្អៅ និងមានចុះហត្ថលេខា ដោយប្រធានមន្ទីរ ១និងមន្ត្រីពាក់ព័ន្ធគ្រប់ឋានានុក្រមនេះ គឺជាជំហាន រៀបចំចុះបញ្ជីផ្តល់កម្មសិទ្ធិស្របច្បាប់ឲ្យឈ្មួញដីឈ្មោះ លី សំអាន នៅតាំងតំបន់៣ យ៉ាងច្បាស់ក្រឡែត ដែលគាត់មិនអាចទទួលយកបាននោះទេ។
លោកចោទជាសំនួរថា កន្លងមកមានពលរដ្ឋជាច្រើនបានប្រើប្រាស់ដីអាស្រ័យផលនៅទីតាំងព្រៃលិចទឹកតំបន់៣ ហេតុអ្វីបានជាលោក អាង ណារិទ្ធិ ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យមិនគិតគូរចុះបញ្ជីឲ្យពលរដ្ឋទាំងអស់នេះផង? លោកបញ្ជាក់ថា បើលោក លី សំអាន ដែលកំពុងរស់នៅរាជធានីភ្នំពេញ បានកាន់កាប់និងទិញដីយូរមកហើយ ហេតុអ្វីប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅ ទីតាំងក្នុងភូមិឃុំខាងលើនេះ មិនទទួលបានសិទ្ធិអាស្រ័យផលស្របច្បាប់ដូចជាឈ្មួញទិញដី?
ដោយឡែកពលរដ្ឋ ហាន សំអេន និងឈ្មោះ អ៊ិត អេន ពលរដ្ឋនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាការរៀបចំឯកសារគាំទ្រនានា ដើម្បីផ្តល់សិទ្ធិអាស្រ័យផលដល់លោក លី សំអាន គឺមិនមានភាពក្រប្រតី និងធ្វើឡើងដោយបក្សពួកនិយម ឬអាចជាការទទួលលាភសក្ការៈ។ ពលរដ្ឋមន្ថែមថា ការរៀបចំកសាងផែនទីគោល នៅលើដីតំបន់៣ ជាដីរបស់រដ្ឋនេះ គឺជាចេតនារៀបរៀងបន្លំរាជរដ្ឋាភិបាល ដើម្បីសុំប្រទានកម្មពីរាជរដ្ឋាភិបាល ធ្វើប្លង់ជូនលោក លី សំអាន ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានព័ត៌មានអំពីការចុះផលិតផែនទីគោល (ប្លង់បង្ហាញទីតាំងដី) ដែលជាជំហានផ្តល់កម្មសិទ្ធិស្របច្បាប់ឲ្យទៅឈ្មួញដីឈ្មោះ លី សំអាន លើទីតាំងតំបន់៣ ទំហំ ៧៧០ហិកតា ដោយមិនចាំការឆ្លើយតបពីសម្តេចជានាយករដ្ឋមន្ត្រីនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយមានវិធានការ បញ្ឈប់ការវាស់វែងកំណត់និយាមការព្រំដី ដែលកំពុងរងការរុករាន និងឈូសឆាយ នៅក្នុងតំបន់៣ជាបន្ទាន់។
ជាការឆ្លើយតបសំណើរនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យប្រធានមន្ទីរ ខេត្តបន្ទាយមានជ័យ ចាត់វិធានការទប់ស្កាត់តាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
បើតាមប្រភពពីមន្ត្រីមួយចំនួន នៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដីតំបន់៣ ជាដីសាធារណៈរបស់រដ្ឋនេះលោក អាង ណារិទ្ធិ ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ បានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដើម្បីកែប្រែដីតំបន់៣ ជាដីកម្មសិទ្ធិ សាធារណៈរបស់រដ្ឋឲ្យក្លាយទៅជាដី ឯកជនរបស់រដ្ឋ ហើយផ្តល់កម្មសិទ្ធិឲ្យលោក លី សំអាន ។
មន្ត្រីបន្ថែមថា ការធ្វើអនុប្បយោគនៅលើដីសាធារណៈរបស់រដ្ឋ លុះត្រាតែដីនោះ ជាដីលែងបំរើផលប្រយោជន៍សាធារណៈហើយ ទើបអាចធ្វើអនុប្បយោគបាន។ ចំពោះការធ្វើអនុប្បយោគដី សាធារណៈរបស់រដ្ឋ សំដៅលើ ២ចំណុចគឺ ១.ផ្តល់ដីសម្បទានសេដ្ឋកិច្ច និងទី២.ផ្តល់ជាដីសម្បទានសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋក្រីក្រ មិនមានដីធ្លីរស់នៅ។
ប៉ុន្តែកន្លងមក ការរៀបឯកសារ ស្នើទៅសម្តេចនាយករដ្ឋមន្ត្រី និងការរៀបចំឯកសារយោង ដើម្បីផលិតផែនទីគោលនេះ ឲ្យដីទៅលោក លី សំអាន ក្នុងភូមិសាស្រ្តតំបន់៣នេះ គឺបានលាក់បាំងឯកសារមួយចំនួនធំ ជាពិសេសមិនយោងលើកំណត់ហេតុរបស់ប្រធានក្រុមការងារចុះប្រតិបត្តតិការជាក់ស្តែងនូវវិធានការបំផ្លាញចោល ឬកែសម្រួលបណ្តាអាងទឹក ជុំវិញបបឹងទន្លេសាប មុខព្រួញខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១០ ដែលបានបង្ហាញយ៉ាងច្បាស់ថា អាងទឹករបស់លោក លី អំអាន ស្ថិតក្នុងតំបន់៣ ត្រូវបានបំផ្លាញចោល និងដកហូតទាំងស្រុង ប្រវែង ៤,៥៣០ម៉ែត្រ។
លិខិតប្រគល់ ទទួលការកំណត់និយាមកាបង្គោលព្រំប្រទល់តំបន់៣ នៃបឹងទន្លេសាបជំហ៊ាន១ របស់ក្រុមប្រតិបត្តិការមុខព្រួញខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា និងត្រាដោយអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ៧រូបផ្សេងទៀតក៏បានបង្ហាញថា និយាមកា ដីស្រែរបស់ឈ្មោះ លី សំអាន ស្ថិតក្នុងតំបន់៣ ព័ទ្ធដោយបង្គោលកំណត់ព្រំតំបន់៣ យ៉ាងតិចចំនួន៣បង្គោល។
ជុំវិញករណី រៀបចំឯកសារ និងប្លង់ដីរដ្ឋក្នុងតំបន់៣ជូនឈ្មួញឈ្មោះ លី សំអាន នេះ លោក អាង ណារិទ្ធិ ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះថា បើចង់ដឹងអ្វី សូមទៅជួបលោកផ្ទាល់ លោកមិនអាចនិយាយតាមទូរស័ព្ទទេ។
ពលរដ្ឋ និងមន្ត្រីខេត្តបន្ទាយមានជ័យ ជាច្រើននាក់ ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីកែប្រែដីព្រៃលិចទឹកតំបន់៣ ដែលជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ឲ្យក្លាយទៅជាដីឯកជនរបស់រដ្ឋ ដើម្បីចេញប្លង់កម្មសិទ្ធិជូនឈ្មួញទិញដីឈ្មោះ លី សំអាន ប្រាកដជាមានលាក់បាំងនូវអំពើទុច្ចរិតបន្លំភ្នែកថ្នាក់ដឹកនាំ និងបានផលប្រយោជន៍តែមន្ត្រីគ្រាក់ៗមួយក្ដាប់តូចនៅក្នុងខេត្តតែប៉ុណ្ណោះ ចំណែកការហិនហោចធនធានធម្មជាតិគឺមន្ត្រីទាំងអស់នោះមិនបានគិតនោះទេ៕