ឧបាសក ឈឹម បាវ និងឧបាសិកា នៅ សា ត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជាត្រាស់សម្រេចផ្ដល់នូវគោរម្យ៍ងារជូនជា«មហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍»

កណ្ដាល៖ ក្នុងឱកាសដ៏ប្រពៃមហាថ្លៃថ្លាដែលឧបាសក ឈឹម បាវ និងឧបាសិកា នៅ សា ត្រូវបានសម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្ដល់ជូនគោរម្យ៍ងារជូនជា «មហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍» កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្ដល់ជូនព្រះរាជប្រកាសនីយប័ត្រ ត្រាស់សម្រេចផ្ដល់គោរម្យ៍ងារជូនឧបាសក ឈឹម បាវ និងឧបាសិកា នៅ សា ជា «មហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍»។

ជាមួយគ្នានោះដែរ ក្នុងនាមជាកូនប្រុសបង្កើត និងភរិយា ព្រមទាំងបុត្រាបុត្រី បងប្អូនបង្កើត ក្មួយប្រុស ក្មួយស្រី និងចៅៗ និងខ្លួនលោកផ្ទាល់, លោក ហ៊ាង ប៊ុនថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន The Mirror News សូមគោរពបួងសួងដល់គុណព្រះរតនត្រៃកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុសក្តិសិទ្ធិក្នុងលោកសូមជួយថែរក្សាការពារដល់ លោកឪពុកមហាឧបាសក ឈឹម បាវ អ្នកម្ដាយមហាឧបាសិកា នៅ សា និងសូមគោរពជូនពរ អបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្តរកអ្វីមកផ្ទឹមពុំបាន។លោកបន្តថា ការទទួលបានគោរម្យ៍ងារជា «មហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍» ពិតជាស័ក្ដិសមជាទីបំផុត សម្រាប់លោកមហាឧបាសកមហាឧបាសិកាទាំងទ្វេ ដោយសារតែលោកទាំងទ្វេបានបរិច្ឆាគទាំងកម្លាំងកាយចិត្ត និងទ្រព្យធន ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ទីវត្តអារាម ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ដ៏ឧត្តុង្គឧត្តមក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ ជាពិសេស ទាំងមហាឧបាសក និងមហាឧបាសិកាបានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា។

ជំនួសមុខឲ្យលោកឪពុកមហាឧបាសក ឈឹម បាវ និងអ្នកម្ដាយមហាឧបាសិកា នៅ សា លោក ហ៊ាង ប៊ុនថា សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ គណៈសង្ឃពុទ្ធសាសនាកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រាស់សម្រេចផ្ដល់ជូនគោរម្យ៍ងារជូនលោកអ្នកមានគុណទាំងទ្វេរបស់លោកជា «មហាឧបាសក មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍» ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

ទន្ទឹមគ្នានោះដែរ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យដល់ លោកឪពុកមហាឧបាសក ឈឹម បាវ និងអ្នកម្តាយមហាឧបាសិកា នៅ សា សូមទទួលបានសុខភាពល្អមាំមួន ជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីជាគង់ជាម្លប់ដល់កូនចៅ។

ជាថ្មីម្ដងទៀតលោកអគ្គនាយ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ទេវតាទាំង៨ទិស ទេវតាឆ្នាំចាស់ លោកតាម្ចាស់ស្រុក តាមជួយបីថែរក្សា លោកឪពុកមហាឧបាសក អ្នកម្តាយមហាឧបាសិកា ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close