បាត់ដំបង៖ ជនសង្ស័យម្នាក់ បន្លំខ្លួនជាមន្ត្រីយោធា ប្រចាំការនៅរាជធានីភ្នំពេញតាំងខ្លួនជាគ្រូពេទ្យយោធាណាត់ជួបនារីម្នាក់ ដែលស្គាល់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក នៅក្រុងបាត់ដំបងកាលពីវេលាម៉ោង១ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បន្ទប់មកបបួលគ្នាទៅញុាំបាយក្នុងភោជនីយដ្ឋានមួយកន្លែងដោយជនសង្ស័យនិយាយថារូបគេទើបធ្វើដំណើរមកដល់បាត់ដំបងមិនទាន់ហូបបាយទេ។
ខណះពេលជនរងគ្រោះនិងជនសង្ស័យកំពុងអង្គុយញុាំបាយនិយាយគ្នា ក្លែមពាក្យសម្តី ផ្អែមល្អែមផងនោះ ក៍ស្រាប់តែមានគេទូរស័ព្ទហៅជនសង្ស័យទៅយកថ្នាំវ៉ាក់សាំងដូសទី៣ ពេលនោះជនសង្ស័យសុំខ្ចីម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-6850 ជាកម្មសិទ្ធិរបស់នារីរងគ្រោះ ឈ្មោះ សឺន សាម៉ៃ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិះចេញទៅក្រៅបាត់ដំណឹងយូរពេក ទើបនារីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីស្រាវជ្រាវរកជនសង្ស័យនិងម៉ូតូរបស់ខ្លួន។
ជនសង្ស័យឈ្មោះ៖ជា ពិសិិត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកងអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលតាមប្រម៉ាញ់រហូតឃាត់ខ្លួនបានកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ចំណុច រវង្វង់មូលរូបសំណាកសេះស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖កូនសោរម៉ូតូ ចំនួន៥ សុីមកាត ចំនួន៤ ប័ណ្ណបើកបរ ១សន្លឹក ស្លាកលេខម៉ូតូ៧ សន្លឹក ម៉ូតូហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 1AK-2419 ចំនួន១គ្រឿង និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ (គ្មានស្លាកលេខ)។ ។
លោកវរសេនីយ៍ឯកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្ឌទណ្ឌកំរិតស្រាលបានបញ្ជាក់ប្រាប់ភ្នាក់ងារTNNថា៖ជុំវិញករណីដូចការៀបរាប់ខាងលើ លោកអនុវត្តន៍តាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនិតិវិធីដោយលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងទើប លោកដឹកនាំកម្លាំងជំនាញចេញប្រតិបត្តិការស្រាវជ្រាវហូតឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅស្នងការដ្ឋានដើម្បីធ្វើការសាកសួរនិងធ្វើកំណត់ហេតុ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយ ៖ សុខ កុសល