តុលាការ ខេត្តកំពង់ស្ពឺ សម្រេចដាក់គុកឈ្មោះ អឿន ធួន ដែលធ្វើឯកសារលួចដីពលរដ្ឋជាង ១០០គ្រួសារ ក្នុងស្រុកបរសេដ្ឋ!
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាជាង ១០០គ្រួសារ រស់នៅក្នុងភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្តែងការសាទរ និងថ្លែងអំណរគុណលោកចៅក្រម ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនល្មើសឈ្មោះ អឿន ធួន ករណីលួចធ្វើប្លង់ក្លែងក្លាយលួចយកដីរបស់ពួកគាត់។
ប្រជាពលរដ្ឋ ពិតជាកោតសរសើរលោកចៅក្រមស៊ើបសួរ ដែលបានជួយរកយុត្តិធម៍ជូនពួកគាត់ជាជនរងគ្រោះ ទៅតាមផ្លូវច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌។
សូមជម្រាបជូនថា លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ
បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ អឿន ធួន ហៅ ចាន់ នី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមបទចោទ គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ក្នុងការទិញលក់ដីទំហំ ២៧ហិកតា ប្រព្រឹត្តនៅភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២១ យោងតាមមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ។
គួររម្លឹកថា កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចាប់ខ្លួនឈ្មោះ អឿន ធួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រម ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។
ដើមចមដែលឈានដល់ការចាប់ខ្លួនឈ្មោះ អឿន ធួន ដែលគេស្គាល់ថាជនឈ្មួញដីធ្លីសំបូររឿងអាស្រូវ និងបង្កបញ្ហាមិចចេះចប់ក្នុងខេត្តកំពង់ស្ពឺរូបនេះ យកទៅដាក់គុកគឺដោយសារតែកាលពីអំឡុងឆ្នាំ២០២០ ជនល្មើសបានលួចក្លែងឯកសារប្លង់ដីយកដីរបស់ប្រជាពលរដ្ឋជាង ១០០គ្រួសារស្ថិតនៅភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទំហំ ២៧ហិកតា ដោយឯកសារនោះគឺមានអាជ្ញាធរភូមិឃុំ ក្នុងខេត្តតាកែវជាអ្នកចុះហត្ថលេខ។
សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ធឿន ធួន ហៅ ចាន់ នី ហៅ ម៉ាប់ ធ្លាប់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅបានចាប់ខ្លួនបញ្ជូនទៅឲ្យតុលាការដាក់គុកម្ដងរួចមកហើយ ពាក់ព័ន្ធបទល្មើសឆបោកក្នុងរឿងទិញលក់ដីម្ដុំផ្លូវជាតិលេខ៤១ ប៉ុន្តែបន្ទាប់ពីជាប់ពន្ធនាគារបានប៉ុន្មានខែតែប៉ុណ្ណោះ ក៏ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។
បច្ចុប្បន្ន ក្រៅពីសំណុំរឿងដែលកំពុងជាប់គុកនេះ ជនត្រូវចោទឈ្មោះ ធឿន ធួន ក៏កំពុងជាប់បណ្ដឹងជាច្រើនទៀតផងដែរនៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅក្នុងនោះសំណុំរឿងរំលោភលើទំនុកចិត្ត និងចេញសែកស្អុយ កំពុងស្ថិតក្រោមចំណាត់ការរបស់លោកស្រីចៅក្រម ស៊ លីនណា៕