រោងចក្រ ធី.អេស.ស្ព័ត នាំយកអំណោយទៅជូនរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ គណៈគ្រប់គ្រង និងបុគ្គលិក រោងចក្រ ធី.អេស.ស្ព័ត បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងនាំយកអំណោយមួយចំនួនជូនរដ្ឋបាលខេត្តផងដែរ។

នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានថ្លែងអំណរគុណ រោងចក្រ ធី.អេស.ស្ព័ត ដែលបាននាំយកអំណោយមកជួយសាលាខេត្តក្នុងអំឡុងនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដនេះ។

ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំឱ្យរោងចក្រ ធី.អេស.ស្ព័ត់ គោរពច្បាប់របស់ប្រទេសកម្ពុជា និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងរក្សានូវបរិស្ថាន អនាម័យឱ្យបានល្អប្រសើរ ជៀសវាងការបង្កបញ្ហាដល់សុខភាពរបស់បងប្អូន កម្មករ-កម្មការិនី។

ឯកឧត្តម វ៉ី សំណាង ក៏បានសន្យាជួយសម្រសសម្រួលដោះស្រាយនូវបញ្ហាប្រឈមដែលកើតឡើងនៅក្នុងរោងចក្រ ធី.អេស.ស្ព័ត ផងដែរ។

ឯកឧត្តម អភិបាលខេត្តក៏សូមអំពាវនាវឱ្យអ្នកវិនិយោគ ជាពិសេសមិត្តចិន មកដាក់ទុនរកស៊ីនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យបានកាន់តែច្រើន។

លោកស្រី WANG FANG អគ្គនាយករោងចក្រ រោងចក្រ ធី.អេស.ស្ព័ត (ខេមបូឌា) សូមថ្លែងអំណរគុណ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលានៅគ្រាដែលរោងចក្ររបស់លោកស្រីជួបបញ្ហាប្រឈម នាពេលកន្លងមក។

លោកស្រី WANG FANG ក៏បានអំពាវនាវឱ្យកម្មករ-កម្មការិនី ទៅធ្វើការនៅរោងចក្ររបស់លោកស្រី ដែលស្ថិតក្នុងភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រោះបច្ចុប្បន្ននេះ រោងចក្រនៅខ្វះកំលាំងពលកម្មប្រមាណជាជាង ១០០០នាក់ទៀត។ រោងចក្រផ្ដល់ជូននៅលក្ខខណ្ឌការងារល្អ និងប្រាក់បៀវត្សសមរម្យ អនុឡោមតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា។

ជាមួយគ្នានោះរោងចក្រ ធី.អេស.ស្ព័ត (ខេមបូឌា) បាននាំយកនូវអំណោយរួមមាន៖ ថវិកា ចំនួន១០លានរៀល, អង្ករ ចំនួន ១តោន, ទឹកបរិសុទ្ធ ចំនួន ១០០កេះ, ម៉ាស់ ចំនួន ១០០០ប្រអប់ និងអាកុល ចំនួន ១០កាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close