ទុក្ខកង្វល់ ក្តីព្រួយបារម្ភ និង បញ្ហាផ្សេងៗ របស់ពលរដ្ឋ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈប្រអប់សារ ផេកស្នងការខេត្ត!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនសាធារណជន និងម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ កែវ ម៉ានី ដែលបាន ខមិន ក្នុងផេកស្នងការដ្ឋាននគរបាលនគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានលើកឡើងថា ៖ សូមគោរពឯកឧត្តមស្នងការ ខ្ញុំបាទនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ នៅភូមិរបស់ខ្ញុំមានក្រុមឡានដឹកដីចេញពីមាត់ទន្លេមកផ្លូវជាតិ 21B រយៈពេលមួយសបា្តហ៍ហើយ តែមិនបានស្រោចទឹកតាមផ្លូវទេ។ ហេតុនេះសូមឯកឧត្តមស្នងការមេត្តជួយប្រាប់ឱ្យអាជ្ញាធរដែនដីប្រាប់ដល់ក្រុមហ៊ុនឱ្យជួយស្រោចទឹកផង។ ជ្រុះដីនិងផ្លូវហើយហុយទៀតផង។ សូមបញ្ជាក់ទីតាំងជូនឯកឧត្តមស្នងការ គឺនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ តាមបណ្តោយផ្លូវជាតិលេខ21B។ ខ្ញុំសូមអរគុណ។

ក្រោយពីបានទទួលព័ត៌មាននេះ ក្រុមការងារប្រតិកម្នរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនី៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវនិងចំណាត់ការករណីខាងលើ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូចុះទៅដល់ទីតាំងដែលបានរាយការណ៍ខាងលើ។

ជាលទ្ធផល នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះដល់ទីតាំងដឹលដីខាងលើ ឃើញថាពិតជាមានឡានដឹកដី ហើយជ្រុះកម្ទេចដី បណ្តាលឱ្យហុយ ព្រោះមិនបានស្រោចទឹក និងសម្អាតដី ចេញពីផ្លូវ នៅចំណុចភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ប្រាកដមែន ។ ក្រោយពីបានពិនិត្យឃើញបញ្ហាខាងលើរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានសហការជាមួយមេភូមិព្រែកតាព្រីង ចុះទៅដល់ទីតាំងអាជីវកម្មជីកអាចម៍ដីរបស់ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យាដូចខាងក្រោម៖

ទី១ ត្រូវដឹកដីតាមការកំណត់ និងតាមការណែនាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ទី២ ត្រូវធ្វើការសម្អាត និងស្រោចទឹកតាមផ្លូវជាប្រចាំ។
ទី៣ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឡើយ។

ក្រោយពីស្តាប់ការណែនាំ របស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ម្ចាស់អាជីវកម្ម ខាងលើបានយល់ព្រមអនុវត្តតាម។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close