មានបើកល្បែងស៊ីសង ខុសច្បាប់ ជល់មាន់ និងអាប៉ោង នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ពេល សមត្ថកិច្ចទៅដល់…!

ខេត្តសៀមរាប៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖កន្លងទៅថ្មីៗនេះមានសារព័ត៌មាន សុរ៉ា សារព័ត៌មាន បានសរសេរបង្ហោះនៅតាមបណ្ដាទំនាក់ទំនងសង្គម ដែលមានខ្លឺមសារថា ៖ មានការបើកល្បែងស៊ីសងខុសច្បាប់ដូចជា ជល់មាន់ និងអាប៉ោង នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីបានទទួលព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដើម្បីធ្វើការចុះស្រាវជ្រាវជាបន្ទាន់ ដែលលទ្ធផលទទួលបាន មានដូចខាងក្រោម៖ ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រាវ ដឹកនាំនិងបញ្ជារផ្ទាល់ដោយលោកអធិការនគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវទៅដល់ទីតាំងដែល សុរ៉ា សារព័ត៌មាន បានសរសេរបង្ហោះនៅក្នុង Facebook ពិនិត្យឃើញថា ៖ នៅក្នុងភូមិសាស្រ្ដនេះគឺពុំមានការលេងល្បែងស៊ីសងខុសច្បាប់ ដូចជា ជល់មាន់ លេងបៀ អាប៉ោង ដូចសារព័ត៌មានខាងលើ បានចុះផ្សាយនោះទេ។

ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេក ចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន អ្នកនិយមតាមដានព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមផ្ដល់ព័ត៌មាន ពាក់ព័ន្ធសកម្មភាពល្មើសច្បាប់ បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងន័យដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close