ភ្នំពេញ៖ ការិយាល័យស្រុកប្រតិបត្តិសែនសុខ សូមធ្វើការស្រាយបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មាន របស់ Facebook ឈ្មោះ Bong Dy ដែលបានផ្សព្វផ្សាយព័ត៌មាន បំផ្លើស និងមួលបង្កាច់ រិះគន់ ដល់ទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ មណ្ឌលសុខភាពភ្នំពេញថ្មី ដែលមានទីតាំងនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ និង២០ នាទីព្រឹក គាត់បានកាន់កាតវ៉ាក់សាំងរបស់យោធាមកចាក់ដូសទី៤ ប៉ុន្តែកាត របស់គាត់មិនមាន ព័ត៌មានដូស ទី៣ បន្ទាប់មកក្រុមការងារយើង ក៏សួរទៅគាត់ថា មានក្រដាសចាក់ដូសទី៣ ពីខាងយោធាទេបង ឬ ក៏រូបថត ក៏បានដែរបង ឬក៏ថ្ងៃទីប៉ុន្មានដែលបានចាក់សម្រាប់ដូសទី៣ ទើបពួក ខ្ញុំហ៊ានចាក់ដូសទី៤ ជូនបង។ បន្ទាប់មកគាត់ក៏ដើរកាន់កាតចេញទៅ។
សូមបញ្ជាក់គ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខទាំងអស់ គ្រប់ប្រជាពលរដ្ឋ ដែលមានកាតចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ឬសន្លឹកក្រដាសប័ណ្ណ ចាក់វ៉ាក់សាំង កូវីដ-១៩ របស់ក្រសួងការពារជាតិ គឺគ្រប់ទីតាំង ទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ជូនទាំងអស់។ សូមអរគុណ
សូមជម្រាបថា ចាប់តាំងពីបើកអោយដំណើរការ ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី១ ជូនពលរដ្ឋក្នុងមូលដ្ឋានមក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ តែងតែដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និង រៀបចំទីតាំងបានល្អប្រសើរ។ ទោះយ៉ាងនេះក្តី នូវតែមានការខ្សឹបខ្សៀវមិនល្អ ចំពោះមន្ត្រីសាលាសង្កាត់ខណ្ឌ និង ក្រុមគ្រូពេទ្យតិចតួច ដែលមានឥរិយាបទមិនល្អ ក្នុងការបំរើពលរដ្ឋ (មានខ្សែ ចាក់ស្រួល)។
ពលរដ្ឋ សំណូមពរ ដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឧស្សាហ៍ ចុះទៅពិនិត្យញឹកញាប់តាម មណ្ឌលសុខភាព គោលដៅចាក់វ៉ាក់សាំង ទាំងអស់ផង ជាពិសេស មណ្ឌលសុខភាពភ្នំពេញថ្មី និង មណ្ឌលសុខភាពទឹកថ្លា ព្រោះ វេទិកាតុកាហ្វេ ជជែកគ្នាខ្លាំងណាស់រឿងនេះ៕