អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រំប្រទល់ខណ្ឌកំបូល!

ភ្នំពេញ៖ យោងតាម សេចក្តីជូនដំណឹងលេខ ២៩៤២១ ស.ជ.ណ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម រោងចក្រ-សហគ្រាស និងម្ចាស់ផែស្ងួត ដែលបានដាក់តាំងរបស់របរ សម្ភារៈផ្សេងៗ និងតសំយ៉ាបព្រមទាំងការចត យានយន្តគ្រប់ប្រភេទលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈតាមបណ្ដោយសងខាងផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រំប្រទល់ខណ្ឌកំបូល ឱ្យបានជ្រាបថាៈ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងជៀសវាងការកកស្ទះចរាចរណ៍ និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំដូចខាងក្រោម៖

ទី១. ចំពោះអាជីវកម្មគ្រប់ប្រភេទ ដែលបានតាំងលក់ និងលក់ដូររំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនៅជាប់របង សាលារៀនរដ្ឋ សាលារៀនឯកជន និងរបងវត្ត៖ ត្រូវរុះរើចេញដោយស្ម័គ្រចិត្ត និងបញ្ឈប់ការចតយានយន្តនៅលើចិញ្ចើមផ្លូវសាធារណៈ រួមទាំងរបស់របរ សម្ភារៈផ្សេងៗនៅទីតាំងខាងលើ ក្នុងរយៈពេល ០៥ថ្ងៃឱ្យអស់ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ទី២ . ចំពោះទីតាំងអាជីវកម្ម ស្របច្បាប់ ដែលមិនរំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈត្រូវអនុវត្ត ៖
ត្រូវមានចំណតផ្ទាល់ខ្លួន ដោយមិនត្រូវយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតដាច់ខាតចំពោះការចត មធ្យោបាយគ្រប់ប្រភេទំលើចិញ្ចើមផ្លូវត្រូវទុកចំណែកនៃចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន។ នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យ ឱ្យបានស្អាតជានិច្ច រាល់កាកសំណល់ផ្សេងៗ ត្រូវច្រកថង់ចងឱ្យជិត ឬវេចខ្ចប់ឱ្យបានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ។

ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមាន វិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែល មាននៅលើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់ លោក/លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំងរឹងរូស អាជ្ញាធរនឹងកសាង សំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ លោក/លោកស្រី នឹងសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះជាពុំខានឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close