អនុវត្តវិធានការក្ដៅ បញ្ឈប់ការលក់ដូរ ការចតយានយន្ត អនាធិបតេយ្យ លើចិញ្ចើមផ្លូវ ដែលបង្កបញ្ហាកកស្ទះចរាចរណ៍ និង អសណ្ដាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម ជា ពិសី ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក និងមានការចូលរួមពី លោកអធិការរងនគរបាលខណ្ឌ លោកនាយករងរដ្ឋបាលសាលាខណ្ឌ លោកចៅសង្កាត់ទឹកល្អក់ទី១ លោកនាយនគរបាលប៉ុស្តិ៍ កម្លាំងនគរបាល និង កម្លាំងប្រជាការពារសាលាខណ្ឌ សរុប ២៣នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជាលទ្ធផល កម្លាំងបានឃាត់ម៉ូតូ បានសរុបចំនួន៧គ្រឿង ចតលើចំណីផ្លូវ បង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះ អាសន្នដើម្បីអប់រំនិងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំម្ចាស់ទីតាំងលក់ដូរ លើចិញ្ចើមផ្លូវ លេខ២៥៧បានចំនួន ៨ទីតាំង ព្រមទាំងបានបញ្ឈប់ការលក់ដូរ លើទ្រូងផ្លូវ ដែលនាំឲ្យបាត់បង់ សណ្តាប់ធ្នាប់ និងកកស្ទះ ចរាចរណ៍ ផងដែរ៕