ទីតាំងចាស់ សមត្ថកិច្ច ធ្លាប់បង្ក្រាប! ម្ចាស់ទីតាំងសារភាពថា ជល់មាន់ មែន តែការជល់ នោះគឺជាការសាកជើងមាន់ មុនលក់ចេញ ព្រោះកន្លែងគាត់ចិញ្ចឹមមាន់ លក់ដើម្បីផ្គត់ផ្គង់ជីវភាព!
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធចំពោះការចុះផ្សាយព័ត៌មាន របស់អ្នកសារពត៌មានមួយចំនួន ដែលបានយករូបភាពចាស់ៗ ដែលសមត្ថកិច្ចយើងខ្ញុំ ធ្លាប់បានបង្រ្កាបរួចមកហើយនោះ យកមកធ្វើការចុះផ្សាយសាជាថ្មី នាំឲ្យសាធារណ:ជនមានការភាន់ច្រឡំ ។
ជាក់ស្តែង នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយ ពាក់ព័ន្ធនឹងការលួចលេងល្បែងស៊ីសង សង្វៀនជល់មាន់ ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងទឹកដីភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ របស់លោក ឈ្មោះ គុយ ពិសិដ្ឋ ហៅ ផេ។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះទៅដល់ទីតាំងនោះ ពិនិត្យឃើញថា ចំណុចទីតាំងដែលបានចុះផ្សាយខាងលើនោះ ជាទីតាំងដែលសមត្ថកិច្ច បានធ្វើការបង្រ្កាប និងធ្លាប់ហៅម្ចាស់ទីតាំង មកធ្វើការអប់រំ និងកិច្ចសន្យារួចរាល់ កាលរយៈពេលកន្លងមករួចមកហើយ ម្ចាស់ទីតាំងឈ្មោះ ផេ ក៏បានទទួលស្គាល់កំហុសថា ពិតជាបាន ជល់មាន់មែន តែការជល់ នោះគឺជាការសាកជើងមាន់ មុនលក់ចេញព្រោះកន្លែងគាត់ចិញ្ចឹមមាន់លក់ដើម្បីផ្គត់ផ្គង់ជីវភាព។ ចំពោះរូបភាព ដែលសារព័ត៌មាន បានចុះផ្សាយនោះ គឺជារូបចាស់ មិនមែនរូបភាពថ្មី នោះទេ បច្ចុប្បន្នទីតាំងខាងលើនេះ ពុំមានសង្វៀនជល់មាន់ទៀតឡើយ។
ទោះជាបែបណាក៏ដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងសិរីសោភ័ណ ចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពុងស្វាយ និង ដាក់កម្លាំងឃ្លាំមើល ត្រួតពិនិត្យទីតាំងខាងលើនេះ ជាប់ជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងជល់មាន់ខុសច្បាប់បន្តទៀត។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត សូមអំពាវនាវដល់ អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋានជាពិសេសបង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ ៕