ពិធីសំណេះសំណាល ត្រួតពិនិត្យលទ្ធផលការងារ និង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីពន្ធនាគារ!

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលពហុជំនាញ នៃមណ្ឌលអប់រំកែប្រែទី១ អគ្គនាយកដ្ឋានពន្ធនាគារបានប្រារព្ធពិធីសំណេះសំណាល ត្រួតពិនិត្យលទ្ធផលការងារ និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីពន្ធនាគារ ចំនួន២១នាក់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានពន្ធនាគាររាជធានី ខេត្ត។

ក្រោមការសម្របសម្រួលរបៀបវារៈ និងចាត់តាំងវាគ្មិន ដោយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សមាជិកអង្គពិធីជាប្រធានអង្គភាពពាក់ព័ន្ធបានឡើងធ្វើបទអន្តរាគមន៍ ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមជាក់ស្តែង ជូនគណៈអធិបតី និងអង្គពិធី។

កម្មវិធី ត្រូវបានបញ្ចប់ ដោយពិធីបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីពន្ធនាគារ ចំនួន ២១នាក់ (នារី ២នាក់) ដោយឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក ក្នុងនោះថ្នាក់ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចំនួន១នាក់ ថ្នាក់ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចំនួន៧នាក់ ថ្នាក់ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ចំនួន១២នាក់ និងថ្នាក់វរអគ្គានុរក្សថ្នាក់លេខ១ ចំនួន១នាក់។

សូមជម្រាបថា ឯកឧត្តម សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ពីឧត្តមអគ្គានុរក្សថ្នាក់លេខ២ (ផ្កាយ២) ទៅជា ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ (ផ្កាយ៣) ។

អត្ថបទដែលជាប់ទាក់ទង
Open

Close