ភ្នំពេញ៖ មន្ទីរពេទ្យ កុមារជាតិ មិត្តកម្ពុជា-ជប៉ុន ដែលបម្រើវិស័យសុខមាលភាព ព្យាបាលដល់បុត្រាបុត្រីរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សម្រាប់អ្នកមកទទួលសេវាកម្មផ្សេងៗដូចជា ៖ ការពិនិត្យពិគ្រោះយល់អំពីជំងឺទូទៅ ផ្តល់សេវាថែទាំសុខភាព ចាក់វ៉ាក់សាំងបង្ការជំងឺ និង សេវាកម្មផ្សេងៗទៀត ដែលមន្ទីរពេទ្យកុមារជាតិ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មកដល់ឆ្នាំ២០២២នេះ ជុំវិញមន្ទីរពេទ្យកុមារជាតិ ចិញ្ចើមផ្លូវទាំង៣ខ្សែ ត្រូវបានក្រុមអាជីវករបង្កើតតូបលក់ដូរ និង ការចតម៉ូតូរថយន្ត ចំណុចជ្រុងខាងកើត គឺចិញ្ចើមផ្លូវលេខ២៥៣ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីមានរថយន្តអតិថិជនក្លឹបហាត់ប្រាណនិងកន្លែងលាងរថយន្តចតបំផ្លាញការ៉ូឡា ។ បន្ទាប់មកដល់ច្រកចូលខាងកើតមានតូបលក់ដូរជាច្រើននៅលើចិញ្ចើមផ្លូវតែម្តង ។
ដោយឡែកចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យកុមារជាតិ គឺ ចិញ្ចើមផ្លូវលេខ១១៨ មានតូបនិងចតរថយន្តនិងរោងលក់ដូរ ចំណុចខាងលិចជាកន្លែងចរាចរបត់ចុះឡើងផ្លូវសហ័ពន្ធរុស្ស៊ី ឧស្សាហ៍បង្កការកកស្ទះចរាចរណ៍ដោយខាងក្រុមហ៊ុនធានារ៉ាប់រងឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យ អស់ពាក់កណ្តាល គឺនៅលើផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ ដោយហេតុផលផ្តល់ថវិកាជូនមន្ទីរពេទ្យថែទាំនិងជួសជុលរបងមន្ទីរពេទ្យ ។
លោក ប៊ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានប្រាប់អ្នកសារព័ត៌មានថា បញ្ហាដែលក្រុមហ៊ុនធានារ៉ាប់រងយកចិញ្ចើមផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ គឺ ដោយសារបានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនក្នុង១ឆ្នាំទៅមន្ទីរកុមារជាតិ ថែទាំនិងជួសជុលរបង ។
ចំពោះបញ្ហាសណ្តាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ អាជ្ញាធរសង្កាត់ ហាក់ដូចមិនសូវគិតអំពីផលប៉ះពាល់ ការធ្វើដំណើរប្រចាំថ្ងៃ ការកកស្ទះ ចង្អៀត និង អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ។
អ្នកធ្វើដំណើរ បានសំណូមពរដល់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក មេត្តារៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានល្អប្រពៃផង ជាពិសេសជុំវិញមន្ទីរពេទ្យកុមារជាតិ ដោយមិនសូវឃើញចុះរៀបចំទាល់តែសោះ ៕
ជុំវិញការ សង្គ្រោះចិញ្ចើមផ្លូវ ពីការរំលោភធ្វើចំណត និងអាជីវកម្មផ្ទាល់ខ្លួន ឯកឧត្តម អភិបាលរាជធានីភ្នំពេញ កាលពីទី២៣ ខែមករា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ ខណ្ឌទាំង១២ និង សង្កាត់ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាព កាលពីរសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តសកម្ម ភាពរៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីឱ្យដូចភ្លៀងរលឹម ។
ឯកឧត្ដម ឃួង ស្រេង បានប្រសាសន៍ថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ ០០៧/១៧ សណន ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ក្នុងនោះផ្លូវសំខាន់ចំនួន ១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តន៍វិធានការរួម។
រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពីព្រំដែននៃកម្មសិទ្ធិ និងជាប្រយោជន៍សាធារណៈ ដោយបានកែប្រែទម្លាប់ និងឥរិយាបថនៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ហើយបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ គឺបានទទួលការគាំទ្រពីមហាជនដ៏ច្រើនលើសលប់។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានជាពិសេស កងកម្លាំង សមត្ថកិច្ច អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងនោះរដ្ឋបាលខណ្ឌទាំង១២ សមត្ថកិច្ចស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរដែនដីរៀបចំនគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធទាំងអស់ជាសេនាធិការរបស់សាលារាជធានីភ្នំពេញដើម្បីអនុវត្តន៍វិធានការនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ហើយស្របតាមសេចក្តីណែនាំនេះ។
ពលរដ្ឋគាំទ្រ និងសាទរ យ៉ាងខ្លាំងក្រោយ ឯកឧត្តម ឃួង ស្រេង ការដាក់ចេញ នូវសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់តាំងពី ឯកឧត្តម កាន់តំណែងជាអភិបាលក្រុង មកម្លេះ តែ អភិបាលខណ្ឌ មួយចំនួន ហាក់មិនទុកមុខ អោយ ឯកឧត្តម អភិបាលរាជធានី ទាល់តែសោះ ជាក់ស្តែង ផ្លូវជាច្រើនខ្សែ ត្រូវបាពលរដ្ឋ និង អាជីករ មួយចំនួន បន្តរំលោភធ្វើអាជីវកម្ម ដដែល ជាដដែល។
ជុំវិញ ករណីខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការចេញពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរយល្អ ក្នុងការជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងនាំមកនូវសុវត្ថិភាពចរាចរណ៍ ខណៈព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសឱ្យបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របពេលគេមើលឃើញថា នៅរាជធានីភ្នំពេញនឹងចាប់ផ្តើមមានបញ្ហាប្រឈមការកកស្ទះចរាចរណ៍ដោយការធ្វើដំណើរយ៉ាងកកកុញរបស់ប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចការងារ ការប្រកបមុខរបររកស៊ី និងការចូលរៀនឡើងវិញរបស់សិស្ស និស្សិត ជាដើម ។
ការដាក់បទបញ្ជាជំរុញការចេញរៀបចំសណ្តាប់ធ្នាប់សាធារណៈពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ ZOOM MEETNIG នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានណែនាំឱ្យមានការអនុវត្តច្បាប់ចំពោះមធ្យោបាយទាំងឡាយណាដែលឈប់ចតលើទ្រូងផ្លូវខុសច្បាប់ ត្រូវស្ទូចនាំមកផាកពិន័យតាមច្បាប់ និងការចេញអនុវត្តជាប្រចាំដើម្បីធានាថា គោលដៅចុះរៀបចំសណ្តាប់ធ្នាប់នោះវាស្អាតល្អបានយូរអង្វែងហើយ ពីព្រោះនេះជាការសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីឱ្យជួយដោះស្រាយទៅលើការរៀបចំសណ្តាប់ធ្នាប់នេះឱ្យបានល្អ ។