ខេត្តកំពត៖ នៅថ្ងៃច័ន្ទ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលា ម៉ោង១៥:០០នាទី រសៀល លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលក្រុងកំពត ដែលមានការអញ្ជើញចូលរួមពី៖
លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលនៃគណៈអភិបាលក្រុងកំពត លោកស្នងការរង លោកឧត្តមសេនីយ៍ លោកវរៈសេនីយ៍ ប្រតិភូអមដំណើរលោកឧត្តមសេនីយ៍ទោ ស្នងការ លោកអធិការ (ក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ) លោកអធិការរង លោក លោកស្រីនាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍ទាំង ៥ និងកងកម្លាំងចំណុះអធិការដ្ឋានក្រុងសរុបចំនួន ១៣០រូប ជាកិច្ចចាប់ផ្តើមលោកវរៈសេនីយ៍ឯក ហោ វណ្ណា អធិការនគរបាលក្រុងកំពត បានឡើងធ្វើរបាយការណ៍ស្វាគមន៍អំពីការងាររក្សាសន្តិសុខសុវត្ថិភាពសង្គម និងការចំណាយថវិការសាងសង់អគារធ្វើការថ្មី ។ លោកវរសេនីយ៍ឯក ហោ វណ្ណា អធិការក្រុងកំពត បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ អធិការដ្ឋាននគរបាលក្រុងកំពត បានរៀបចំសាងសង់អគារធ្វើការថ្មី ដែលមានចំនួន ៤បន្ទប់ ដោយបានប្រើប្រាស់ថវិកាអស់ចំនួន ៤៦.០០០$ ដែលបានការជួយឧបត្ថម្ភពី ៖
-លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ ចំនួន១០.០០០$
-លោកវរៈសេនីយ៍ឯក ហោ វណ្ណា អធិការ ចំនួន ១០.០០០$
-កងកម្លាំងក្នុងអធិការដ្ឋាន ចំនួន១០.៧៦៩$ និងថវិកាសប្បុរសជននៅក្នុងក្រុងកំពត ចំនួន១១.១០០$។
ក្រោយពីការសាងសង់រួចហើយអធិការដ្ឋាននៅខ្វះថវិកាចំនួន៤.១៣១$ ទៀត។
ចំពោះសមិទ្ធិផលខាងលើនេះ កើតឡើងពីការរួមចំណែកសាមគ្គីភាព របស់កងកម្លាំងយើងជាមួយបងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានជឿទុកចិត្ត ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ។
ជាកិច្ចបន្តលោកអភិបាល នៃគណៈអភិបាលក្រុងកំពត បានសំដែងការកោតសរសើដល់លោកអធិការ ក្នុងការផ្តួចផ្តើមដើម្បីរៀបចំកសាងអគារធ្វើការថ្មី ពិសេសសប្បុរសជននៅក្រុងកំពត។ ចំពោះការងារអនុវត្តប្រចាំថ្ងៃ កងកម្លាំងអធិការក្រុង មានការមមាញឹកមានឆន្ទៈអត់ធ្មត់តស៊ូជាងកម្លាំងដទៃ។
ពង្រឹងសមត្ថភាពមន្រ្តី ពង្រឹងកម្លាំងក្នុងអធិកាដ្ឋាននិងកម្លាំងប៉ុស្តិ៍ ពិសេសសូមឲ្យកម្លាំងយើងចេះសាមគ្គីផ្ទៃក្នុងឲ្យបានល្អ។
នាឳកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ ថ្លែង កោតសរសើរចំពោះការចូលរួមថវិការបស់បងប្អូនសប្បុរសជននិងកងកម្លាំងយើង សូមសរសើរដល់បងប្អូនយើងដែលបានចូលរួមចាក់វ៉ាក់សាំងដូសជម្រុញបានគ្រប់គ្នា សូមកោតសរសើរដល់កងកម្លាំងយើងដែលបានយកចិត្តទុកដាក់អនុវត្តការងាររាល់ពេលបុណ្យជាតិក្នុងការសម្រួលចរាចរណ៍ដល់បងប្អូនយើងកុំឲ្យមានការកកស្ទះ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងពីការងារធ្វើអត្តសញ្ញាណបណ្ណផ្តល់ជូនប្រជាពលរដ្ឋកុំឲ្យមានការយឺតយ៉ាវ រួមទាំងសេវាសាធារណៈ អំពីការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារសុំថាធ្វើយ៉ាងណាឲ្យបានទាន់សម្រាប់ផ្តល់ជូនបងប្អូនយើង សូមឲ្យកម្លាំងយើងត្រូវមានមុខប្រចាំការនៅប៉ុស្តិ៍ ២៤/២៤ម៉ោង ពាក់ព័ន្ធការងារភូមិ ឃុំមានសុវត្ថិភាពត្រូវលប់បំបាត់ល្បែងស៊ីសង និងគ្រឿងញៀនត្រូវទប់ស្កាត់ឲ្យបាន។
ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ទោ ស្នងការ បានចែកលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនចំនួន ៦២នាក់ ៕