ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈ
អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ថា៖ យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹង ឱ្យបានច្បាស់លាស់នូវរបត់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការថែរក្សា ការពារសុខសន្តិភាព នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តម បានធ្វើការរំលឹកថាគណៈបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជាបានចំនួនបីដងធំៗរួចមកហើយ រួមមាន ទីមួយ ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុលពត ទីពីរ ការជួយពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទីបី ការយកឈ្នះលើសមរភូមិកូវីដ-១៩ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៍ខ្លី ដោយ សម្តេចតេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវតាមរយៈការពិចារណា វិនិច្ឆ័យ និងសម្រេចអារកាត់រហ័ស ទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងបន្តស្រោចស្រពវ៉ាក់សាំងដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។ ទាំងនេះគឺជាសម្មិទ្ធិផលដ៍មិនអាចកាត់ថ្លៃពុំបាន ដែលប្រមុខដឹកនាំគណៈបក្សប្រជាជន និងសមាជិក សមាជិកា បានខិតខំប្រឹងប្រែងលើសពីការងារស្នូលរបស់ខ្លួន ក្នុងបុព្វហេតុការពារអាយុជីវិតពលរដ្ឋ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ឯកឧត្តមប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតសរសើរនូវគំរូវីរភាពរបស់យុវជនជំនាន់មុន ដែលជាគំរូពោរពេញដោយភាពអំណត់ អត់ធន់ ព្យាយាម និងក្តីសង្ឃឹម ព្រមទាំងមានចក្ខុវិស័យ និងការផ្តួចផ្តើមខ្ពស់ ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹត បែកបាក់ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំ ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះ ជាយុវជនជំនាន់ក្រោយត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំជំនាន់មុន ដើម្បីពង្រឹង និងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាព ប្រកាន់ខ្ជាប់នូវគុណតម្លៃជាបុគ្គលស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិ មាតុភូមិ និង ប្រជាជន៕