ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានធ្វើសកម្មភាព បាញ់ មេឃជាច្រើនគ្រាប់ បង្ក ការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ២៣ និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចូលវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាក ព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរដល់ចំណុចកើតហេតុ រួចមិនដឹងមានមូលហេតុខឹងនឹងរឿងអ្វី ក៏ជនសង្ស័យ ភាគីខាងជិះម៉ូតូ បានដកកាំភ្លើងខ្លី ពីចង្កេះ បាញ់មេឃ ចំនួន៧គ្រាប់ រួចបើមករថយន្ត និងម៉ូតូចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យតែម្តង ។
ក្រោយពេលកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចចម្រុះ បានល្បាតពួនស្ទាក់ឃើញរថយន្ត ក្រុមជនសង្ស័យ ក៏បានដេញបប្រផាប់ចាប់ប្រភីង រហូតដល់ចំណុចវត្តដំបូកខ្ពស់ ក៏បានដានសូន្យ តែម្តង ប ក្រុមជនសង្ស័យទាំងអស់ អាចរត់គេចខ្លួនបាត់ឈឹង ។
យ៉ាងណាមិញ បន្ទាប់កើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអន្តគមន៍ដល់ទីតាំងកើតហេតុ ( ចំណុចផ្ទុះអាវុធ ) នឹងបានរើសសំបក កន្ទុះគ្រាប់កាំភ្លើង បានចំនួន៤គ្រាប់ ក្នុងចំនួន៧គ្រាប់ ដែលបាន បន្លឺឡើងវេហា ។
ជុំវិញករណីនេះ សំណាងណាស់ហើយ ដែលខ្មាន់កាំភ្លើង បាញ់ទៅលើមេឃ ប្រសិនបើជនល្មើស មានការគំនុំគុំគួន ឬស្អប់នណារម្នាក់នោះ មិនដឹង មិនមានមនុស្សប៉ុន្មាននាក់ ត្រូវរងរបួសនោះទេ?
ករណីនេះ ក្រោយពេលដែល លោកវរសេនីយ៍ទោ អ៊ុក បូនីន ត្រូវបានថ្នាក់លើទុកចិត្ត តែងតាំងជា អធិការថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
មហាជននៅរង់ចាំមើល ថាតើ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការ ទើបតែឡើងកាន់តំណែងថ្មីថ្មោង អាចមានសមត្ថភាព ក្នុងការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនសង្ស័យ ដែលព្រហើនបាញ់ ច្រើនគ្រាប់ កណ្តាល រាជធានីភ្នំពេញ បានដែរ ឬទេ ?