ពលរដ្ឋរាយការណ៍ ថាមាន ល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍ តែ ប៉ូលិស ថា មានតែលេងឆ្នោតឡូតូ!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការបកស្រាយឆ្លើយតប និងការបញ្ចេញមតិប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានខ្លឹមសារថាៈ ” សូមជម្រាបសួរបង ខ្ញុំរស់នៅក្នុងភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល សុំស្នើ សុំខាងបងជួយចុះបិទកន្លែងកាហ្វេជល់មាន់តាមទូរទស្សន៍ ០១កន្លែងដែលមានទីតាំងក្នុងភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ជិតស្ពាន ៤៨ ម្ចាស់ តូប ឈ្មោះ ពៅ លេងចាប់ពីម៉ោង ១រសៀល ការស្នើសុំនេះ ដោយសារតែបងប្អូន ក្នុងភូមិ ឈ្លោះតែគ្នារវាងប្ដី-ប្រពន្ធ រហូតដល់បែកបាក់គ្រួសារទៀតផង ខ្ញុំសង្ឃឹមថាបង និងចុះបិទឆាប់ៗ កុំអោយមានលេងល្បែងស៊ីសងបន្តទៀត”។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានញ្ជាឲ្យនគរបាលផ្នែកជំនាញ និងប៉ុស្ត៍នគរបាលរដ្ឋបាលព្រែកថ្មី ចុះពិនិត្យស្រាវជ្រាវជាបន្ទាន់។

ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញយុត្តិធម៌ និងប៉ុស្ត៍នគរបាលរដ្ឋបាលព្រែកថ្មី ចុះពិនិត្យស្រាវជ្រាវត្រង់ចំណុចផ្ទះឈ្មោះ ម៉ុល សុងហ៊ី ហៅពៅ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ឃើញថា ពុំមានលេងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍ នោះទេ មានតែលេងឆ្នោតឡូតូ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

បន្ទាប់មកសមត្ថកិច្ច ក៏បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងហាមដាច់ខាតការផ្តល់ទីតាំង ឬលេងល្បែងស៊ីសងលេងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ ប្រសិនមានលួចលាក់បើកល្បែងស៊ីសងបន្តទៀត សមត្ថកិច្ចនឹងធ្វើការបង្ក្រាប ចាត់ការតាមនីតិវិធី យ៉ាងតឹងរឹងបំផុត។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close