ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមទូលថ្វាយ ប្រគេន និងជូនដំណឹង ដល់សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ មេត្តាជ្រាបពីករណីបុគ្គលឈ្មោះ នឿយ មេត្តា ដូចខាងក្រោម៖
កាលពីថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គណៈសង្ឃនាយក បានសម្រេចផ្សឹកបុគ្គលឈ្មោះ ធឿយ មេត្តា ស្របតាមពុទ្ធវិន័យ និងច្បាប់រដ្ឋ ជាស្ថាពរ តាមដីកាបញ្ហាឱ្យចូលខ្លួនលេខ ០១១ អ.យ.ក ចុះថៃ្ងព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះញង់ ឱ្យមានការរើសអើង និងបាតុកម្ម ឱ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ។
អាស្រ័យដូចបានទូលថ្វាយ ប្រគេន និងជូនដំណឹងខាងលើ សូមសម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ព្រះមេត្តា និងមេត្តា ជ្រាបជាព័ត៌មាន។