កញ្ញា ហុង ចន្ថា ជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍!
ខេត្តព្រៃវែង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី ដែលមានការអញ្ជើញចូលរួមពីក្រុមការងារអនុសាខាស្រុកកំចាយមារ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យព្រះអង្គឌួង និងក្រុមកាកបាទក្រហមឃុំត្របែក បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសព កញ្ញា ហុង ចន្ថា ជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលមានស្រុកកំណើតនៅភូមិត្រពាំងប្រីហ៍ ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។
នាឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត បានពាំនាំនូវប្រសាសន៍ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូន ចៅស្រីជាទីស្រលាញ់ និងសូមឱ្យដួងវិញ្ញាណក្ខន្ធនៃសពទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈចូលរួមបុណ្យរួមមានៈ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ទឹកក្រូច ២កេស ទឹកសុទ្ធប្លូស៊ី ២កេស និងបច្ច័យចំនួន ៤០០,០០០រៀល។ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី បច្ច័យចំនួន ១០០,០០០រៀល។
អនុសាខាស្រុកកំចាយមារ ចូលរួមសម្ភារៈបន្ថែមរួមមាន អង្ករ ៤០គ.ក និងបច្ច័យចំនួន ២០០,០០០រៀល។ ក្រុមកាកបាទក្រហមឃុំត្របែក ចូលរួមបច្ច័យចំនួន ៥០,០០០រៀល។