«ល្បែង អនឡាញ រីកដូចផ្សិតនៅក្នុងក្រុងសៀមរាប កំពុងពង្វក់ស្មារតីសិស្សានុសិស្ស ពលរដ្ឋឲ្យចូលលេងភ្លុកទឹកភ្លុកដី!» អ្នកនាំពាក្យ…!
ខេត្តសៀមរាប៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ កន្លងទៅថ្មីៗនេះ មានសារព័ត៌មាន ដើមរាំង Dermrang News បានបង្ហោះនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដែលមានខ្លឹមសារថា ៖ ល្បែង អនឡាញ រីកដូចផ្សិតនៅក្នុងក្រុងសៀមរាប កំពុងពង្វក់ស្មារតីសិស្សានុសិស្ស ពលរដ្ឋឲ្យចូលលេងភ្លុកទឹក ភ្លុកដី !
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បញ្ជាទៅកាន់លោក វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដើម្បីចុះស្រាវជ្រាវជាបន្ទាន់ ដែលជាលទ្ធផលទទួលបានមានដូចខាងក្រោម ៖ ជាក់ស្ដែងកាលពីថ្ងៃទី០៤ ខែមករា ឆ្នំា២០២២ កម្លាំងរបស់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅកាន់បណ្ដាទីតាំងទាំង៤កន្លែងដែលសារព៍ត៌មាន ដើមរាំង បានចុះផ្សាយ មានដូចជា៖
ទីតាំងទី ១ : ក្បែរស្ដុប ទន្លេសាប
ទីតាំងទី ២ : នៅក្បែរផ្លូវលោកតាណឺយ
ទីតាំងទី ៣ : នៅផ្លូវបាក់ខែង
ទីតាំងទី ៤ : នៅក្នុងបុរីមួយកន្លែង ទល់មុខផ្សារសាមគ្គី ។
ក្រោយពីបានចុះពិនិត្យជាក់ស្ដែងរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមមកគឺ ពុំមានការបើកល្បែងស៊ីសងខុសច្បាប់ ភ្នាល់តាមប្រព័ន្ធ អនឡាញ ដូចអ្វីដែលសារព៍ត៌មាន ខាងលើបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook នោះទេ។
ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន អ្នកនិយមតាមដានព័ត៌មានតាមបណ្ដាទំនាក់ទំនងសង្គម ដែលតែងតែចូលរួមផ្ដល់ព័ត៌មាន ពាក់ព័ន្ធទៅនឹង សកម្មភាពល្មើសច្បាប់ បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងន័យដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕