ពិធីករ ទូរទស្សន៍ល្បីម្នាក់ ត្រូវគេគំរាមថា៖ «ចូលបទបរិហា គេហើយ ស្អែកជួបគ្នា នៅខណ្ឌមិនស្រួលលែងបានអាន កាសែត!»
ភ្នំពេញ៖ តើ វាសនា ពិធីករ ល្បីនៅទូរទស្សន៍ធំមួយ ប្រចាំប្រទេស ទៅជាយ៉ាងណា ក្រោយរៀបរាប់ទុក្ខលំបាករបស់ខ្លួន អោយមហាជនជ្រាប ស្រាប់តែគណនី ហ្វេសប៊ុក ឈ្មោះ Than Bun Heang ដែលគេ ស្គាល់ថា ជាជាងបុកគ្រឹះ បានសរសេរថា ៖ ចូលបទបរិហា គេហើយ ស្អែកជួបគ្នានៅខណ្ឌ មិនស្រួល លែងបានអានកាសែត! ការលើកឡើង បែបនេះ ក្រោយពេល លោក បូរ ភក្ត្រា យករឿងពិត ផ្ទាល់ខ្លួន ផ្សាយក្នុងទូរទស្សន៍ និង បានផុសក្នុង បណ្តាញសង្គមនានា។
បើតាមការបញ្ជាក់ប្រាប់អោយដឹងពីសំណាក់ លោក បូរ ភក្ត្រា នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២ នេះ ថាផ្ទះរបស់ខ្លួន ទើបតែសាងសង់ ដោយបានសុំច្បាប់ពី អាជ្ញាធរមូលដ្ឋាន ត្រឹមត្រូវ តែរឿងនឹកស្មាន មិនដល់ ថ្មីៗនេះ មានរឿងហួសចិត្ត មួយបានកើតឡើង ជាប់ផ្ទះរបស់ខ្លួន ក្នុងភូមិត្រពាំងមៀន សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានបុគ្គលម្នាក់ បានដាក់ ម៉ាស៊ីនបុកគ្រឹះ និងបង្គោលទៅសាងសង់ផ្ទះថ្មី នៅលើដីឡូត៏មួយកន្លែង ដោយមិនបានសុំច្បាប់ទន្លាប់ត្រឹមត្រូវតាមឋានានុក្រមនោះទេ បង្កផលប៉ះពាល់ ខូចខាតប្រេះស្រាំដល់ផ្ទះប្រជាពលរដ្ឋ ជិតខាងយ៉ាងធ្ងន់ធ្ងរ។
បើតាមប្រភពពីអ្នកជិតខាង ដែលរងផលប៉ះពាល់ផ្ទាល់ពីការបុកគ្រឹះសាងសង់សំណង់ខាងលើ បានអោយដឹងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ មានបុគ្គលម្នាក់ បានជួលគ្រឿងចក្របុកគ្រឹះសាងសង់ផ្ទះនៅជាប់ផ្ទះអ្នកជិតខាងជាច្រើនខ្នង ដោយបុកគ្រឹះខុសលក្ខណៈបច្ចេកទេស បណ្ដាលឲ្យរញ្ជួយប្រេះស្រាំខូចខាតតាមជញ្ជាំង ធ្នឹមផ្ទះ ប្រជាពលរដ្ឋចំនួន៣ខ្នង។ ដោយមើលឃើញ បែបនោះ ម្ចាស់ផ្ទះ ដែលទទួលរងពីផលប៉ះពាល់ ក៏បាននាំគ្នាចេញទៅហាមឃាត់មិនអោយបុកគ្រឹះបន្ត ក៍ប៉ុន្តែម្ចាស់សំណង់ខាងលើមិនបានបញ្ឈប់បុកគ្រឹះតាមកិច្ចសន្យា ជាមួយម្ចាស់ផ្ទះរងគ្រោះ ដូចនៅមុខអាជ្ញាធរសង្កាត់ក្រាំងធ្នង់នោះទេ ដោយម្ចាស់សំណង់ នៅតែបញ្ជាអោយអ្នកបុកគ្រឹះ នៅតែបន្តបុកបង្ហើយបង្គោលគ្រឹះ ជាហេតុបណ្ដាលអោយការប្រេះស្រាំជញ្ជាំង ធ្នឹមផ្ទះប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ដោយក្តីព្រួយបារម្ភ ពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅ ប្រជាពលរដ្ឋ បាននាំគ្នាទៅដាក់ពាក្យប្ដឹងបន្ថែមទៀតទៅអាជ្ញាធរសង្កាត់ក្រាំងធ្នង់ ដើម្បីអោយម្ចាស់សំណង់ បញ្ឈប់ការសាងសង់ ។
ពលរដ្ឋ ថា មកដល់ពេលនេះ ការសាងសង់ត្រូវបានផ្អាក ជាបណ្ដោះអាសន្នហើយ បន្ទាប់ពីប្រជាពលរដ្ឋបានប្ដឹងជាលើកទី២ ប៉ុន្តែចំពោះសំណង់ដែលរងផលប៉ះពាល់ខូចខាតមិនទាន់មានដំណោះស្រាយនៅឡើយទេ។
ពលរដ្ឋរងគ្រោះ បញ្ជាក់បន្ថែមថា ក្នុងផ្ទះដែលខូចខាតទាំង៣ខ្នងនោះ គឺមានផ្ទះមួយខ្នង ទើបតែសាងសង់រួច ម្ចាស់បានចូលរស់នៅមិនទាន់បាន២ ខែស្រួលបួលផង ក៍រងគ្រោះពីការបុកគ្រឹះខុសបច្ចេកទេស និងគ្មានច្បាប់ទំលាប់នេះដែរ ដោយជញ្ជាំងផ្ទះប្រេះស្រាំដូចគេគូសផែនទី។
យោងតាម ពាក្យបណ្តឹងរបស់ ពលរដ្ឋរងគ្រោះចូលទៅសាលាសង្កាត់ក្រាំងធ្នង់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ ដើម្បីសុំកិច្ចអន្តរាគមន៍ នឹងជួយដោះស្រាយពីសំណាក់ លោក សឿន សួរ ជាចៅសង្កាត់ ជុំវិញ ផលប៉ះពាល់ លើ តែរហូតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ហាក់ស្ងាត់ឈឹងនៅឡើយ។
ដោយឡែក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានប្រាប់អ្នកសារព័ត៌ កាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២២ យ៉ាងខ្លីថា៖ ខ្ញុំបានបញ្ជាអោយឃាត់សំណង់!
អង្គភាពសារព័ត៌មានយើង និងផ្សាយលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់បកស្រាយពី អាជ្ញាធរ ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។