ទទួលព័ត៌មាន យឺតពេល និងផ្លូវឆ្ងាយផង ភ្លើងឆេះផ្ទះមន្ត្រីបរិស្ថានខេត្តព្រះវិហារ ម្នាក់ខ្ទេចទាំងស្រុង រួមទាំង រថយន្ត និង ម៉ូតូ ជាច្រើនគ្រឿង!

ខេត្តព្រះវិហារ៖ សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មានករណីអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង កាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូមែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ម្ចាស់ផ្ទះ ឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ។

ក្នុងនោះ ខូចខាតផ្ទះចំនួន ១ខ្នង អស់ទាំងស្រុង ៨×៤៥ មែត្រ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្តាររួមនឹងសម្ភារៈមួយចំនួនទៀតមាន៖

– រថយន្ត សាំយ៉ុងចំនួន ១ គ្រឿង
– រថយន្ត Land Cruiser ចំនួន ១ គ្រឿង
– កំព្យូទ័រចំនួន ២ គ្រឿង
– ម៉ាស៊ីនព្រីនចំនួន ១ គ្រឿង និងឯកសារពាក់ពន្ធ័ដែនជម្រកមួយចំនួន
– គ្រាប់កាំភ្លើងចំនួន ២០០ គ្រាប់
– ម៉ាស៊ីនត្រង់ស៊ីន័រចំនួន ១៥ គ្រឿង
– សាឡុងចំនួន ១ ឈុត
– គ្រែដេកចំនួន ៨
– តុងឿចំនួន ៣
– ម៉ូតូចំនួន ២ គ្រឿង ។

ក្នុងប្រតិបត្តិការពន្លត់នេះ សមត្ថកិច្ច មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ មូលហេតុ ទទួលបានព័ត៌មានយឺតពេល និងផ្លូវឆ្ងាយ។ ចំពោះ មូលហេតុ នៃគ្រោះអគ្គិភ័យខាងលើ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

អត្ថបទដែលជាប់ទាក់ទង
Open

Close