តំណាង សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពរបស់ អ្នកដោះមីនចំនួន ៣នាក់ ដែលបានពលីជីវិតដោយបុព្វហេតុ នៃការដោះមីននៅខេត្តព្រះវិហារ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូបទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពរបស់អ្នកដោះមីនចំនួន០៣នាក់ ដែលបានពលីជីវិតដោយបុព្វហេតុនៃការដោះមីន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅអង្គការដោះមីនកម្ពុជា(CSHD)ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ការងារដោះមីន មិនអាចទាយទុកជាមុនបានឡើយ ហើយអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើឲ្យពួកគេអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងបាត់បង់មនុស្សជាទីស្រលាញ់ ហើយការបាត់បង់ជីវិតរបស់ពួកគាត់ គឺកើតឡើងពីលទ្ធផលនៃសង្រ្គាមដ៏រ៉ាំរ៉ៃ អូសបន្លាយរាប់ទសវត្សនៅកម្ពុជា ហេតុនេះវីរជនក្លាហានទាំង៣រូបនេះ គឺ លោក ស៊ុន វង្ស , លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ បានប្រថុយគ្រប់យ៉ាងអស់ជាច្រើនឆ្នាំក្នុងការបម្រើប្រទេស និងមនុស្សរបស់ខ្លួន ដូច្នេះពួកគាត់បានលះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព យើងទាំងអស់គ្នាសូមគោរពជីវិត និង ការលះបង់របស់ពួកគាត់ ។
ក្នុងអារម្មណ៍ដ៍សែនក្ដុកក្ដួលនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ វីរជន ដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងបាន ពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីនថា “ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល”។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជា បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអ្នកដោះមីនទាំងអស់ ដែលបានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់ សហគមន៍ និងប្រទេសជាតិ ក៏ដូចជាមនុស្សគ្រប់រូប ពិសេសថ្លែងអំណរគុណយ៉ាជ្រាលជ្រៅផងដែរចំពោះកងកម្លាំងកងទ័ពជើងគោកប្រចាំភូមិភាគខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានជួយអន្តរគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានអំពាវនាវឲ្យមិត្តវិស័យមីនទាំងអស់ រួមមានសហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និង ចូលរួមការអភិវឌ្ឍនៅកម្ពុជា ។
ជួសមុខឱ្យគ្រួសារនៃសព ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងអាណិតអាសូរ ដល់ជនរងគ្រោះ ដោយសារ មីននិងសំណល់ជាតិ ផ្ទុះពីសង្រ្គាម និងតែងតែជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបាននាំយកថវិកានិងសម្ភារ:គ្រឿងឧបភោគបរិភោគ សម្រាប់គ្រួសារសពទាំង៣ចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យ ដែលក្នុងគ្រួសារសពម្នាក់ទទួលបាន៖អង្ករ១00គីឡូក្រាម ,ទឹកសុទ្ធ៥កេស , ទឹកផ្លែឈើ២កេស , ទឹកក្រូច២កេស , មីជាតិ៥កេសទឹកត្រី៥យួរ , ទឹកស៊ីអ៉ីវ៥យួរ , ត្រីខកំប៉ុង៥យួរ និងថវិកា ២លានរៀល ។
តាមរបាយការណ៍របស់អាជ្ញាធរមីនបានបង្ហាញថា ៖ គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ននេះ មានអ្នកដោះមីនដែល គ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការបានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន១៥៤នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន៣១នាក់ ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប