ដីព្រៃលិចទឹក រាប់សិបហិតា ត្រូវបាន ក្រុមមន្ត្រី មានបុណ្យស័ក្តិ ក្នុងខេត្តកែប ឈូសឆាយ យកធ្វើកម្មសិទ្ធិ!
ខេត្តកែប៖ ប្រភពពី ក្រុមមន្ត្រី នៅរដ្ឋបាលខេត្តកែប និងមន្ត្រីស្រុក រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ បានខ្សឹបមកប្រាប់ ឲ្យដឹងថា ដីព្រៃកោងកាង ដែលជាសម្បត្តិរដ្ឋ ស្ថិតនៅកោះស្ករ ភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរងវិនាសកម្ម កាប់ទន្ទ្រានវាទីយកដីកាន់កាប់យ៉ាងអនាធិបតេយ្យ ពីសំណាក់មន្ត្រីមានបុណ្យស័ក្កិ ក្នុងខេត្តច្រើននាក់ រហូតមានជាប់សាច់ញាត្តិខ្សែស្រឡាយ អស់លោកមន្ត្រីធំៗ ថ្នាក់ខេត្តផងដែរ។
ប្រភពខាងលើ បានខ្សឹបប្រាប់ ឲ្យដឹងបន្ថែមទៀតថា បទល្មើសទន្ទ្រានដីរដ្ឋ ដែលជាប្រភេទដីព្រៃលិចទឹកនេះ មិនមែនជារឿងទើបតែនិងកើតឡើងថ្មីៗនេះទេ ពោលគឺវាបានកើតឡើង ជាបន្តបន្ទាប់ ខណៈដែលអាជ្ញាធរឃុំ ស្រុកធ្វើមិនដឹងឭ ឬក៏ឃើញដែរតែមិនហ៊ានបង្ក្រាប ព្រោះថា អ្នកប្រព្រឹត្តរំលោភឈូសឆាយដីព្រៃលិចទឹក របស់់រដ្ឋទាំងនោះភាគច្រើន មានខ្សែស្រឡាយមន្ត្រីធំៗថ្នាក់ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ហើយទង្វើបែបនេះ ហើយ ដែលធ្វើឲ្យមន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាបទប់ស្កាត់ សម្ងំយកសុខរៀងៗខ្លួន ព្រោះខ្លាចគេគំរាមដកបុណ្យស័ក្កិទេដឹង?
ក្រុមមន្ត្រីបានបង្ហើបប្រាប់ ទៀតថា ដីរដ្ឋនៅកោះស្ករ ដែលគេកំពុងមមាញ៉ឹកចាក់ដីរដ្ឋ យកធ្វើកម្មសិទ្ធិដោយគ្មានខ្លាចរអានេះ គឺជាសកម្មភាព របស់ឪពុកក្មេកលោកធំម្នាក់ នៅខេត្តកែប និងបក្ខពួជាច្រើននាក់ទៀត បានប្រើអំណាច ចាក់លុបដីព្រៃលិចទឹក របស់រដ្ឋយ៉ាងរំភើយ។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានខ្សឹបប្រាប់ ថា ដីរដ្ឋតាមបណ្តោយមាត់ព្រែកអន្លុងធ្លក ទួលស្រង៉ាំ កំពុងរងវិនាសកម្ម ពីអ្នកមានអំណាចមួយចំនួនក្នុងស្រុក នឹងខេត្ត ទោះបីដឹងថាដីខាងលើ កន្លងមកអាជ្ញាធរ និងក្រសួងកសិកម្ម បានដកពីពលរដ្ឋនឹងក្រុមឈ្មួញដាក់ចូលរដ្ឋ យ៉ាងណាក៏ដោយ ក៏នៅតែមានសកម្ម ភាពលួចកាប់ទន្ទ្រានជាបន្តបន្ទាប់ ពីមន្ត្រីដែលមានមន្ត្រីធំៗខាងលើ នឹងខ្លះទៀត ជាបុគ្គលមានលុយ មានអំណាច បានគប់គិត ជាមួយក្រុមប្រឹក្សាឃុំដើម្បីធ្វើជាខែល ស៊ីញ៉េទិញលក់ បង្គ្រប់កិច្ច ដើម្បីឈានទៅរកការធ្វើប្លង់ជាដើម។
ពាក់ព័ន្ធនិងករណីលើកឡើង ពីសំណាក់ក្រុមមន្ត្រី និងពលរដ្ឋ ក្នុងមូលដ្ឋាននោះ លោក ទុន បេន ជំទប់ទី១ឃុំអង្កោល បានឆ្លើយតបមក អ្នកព័ត៌មានយើង ដោយលោកបានបដិសេដ្ឋថា លោកមិនបានចុះហត្ថលេខា លើក្រដាសស្នាម អ្វីឡើយកន្លងមក។ លោកថា លោកជាមនុស្សត្រឹមត្រូវ ហើយលោកត្រឹមតែមន្ត្រីជំទុកទី១ លោកពុំមានសិទ្ធអំណាចអីនោះទេ។ តែអ្វីដែល លោក បដិសេដ្ឋនោះ វាផ្ទុយពីការពិតជាក់ស្តែង ហើយលិខិត ដែល អ្នកព័ត៌មានយើងទទួលបាននោះ គឺមាន ឈ្មោះ លោក ទុន បេន ជាអ្នកស៊ីញ៉េ និងគប់គិតគ្នា ជាមួយស្មៀន ឃុំ ឈ្មោះ ណុប សុវ៉ាន់ថា ។
បើតាមប្រភពដដែល បានបញ្ជាក់ខ្សឹបឲ្យដឹងបន្ថែមថា ដីកម្មសិទ្ធិរបស់រដ្ឋជាង១០ទីតាំងហើយ ដែលលោកទិន បេន និងស្មៀនឃុំបានគុបឃិតជាមួយមន្ត្រីធំៗខាងលើ លួចស៊ីញ៉េនិងបោះត្រា ចុះបើដីរដ្ឋផ្សេងទៀតនៅខាងលើៗ តើបុគ្គលរូបនេះគុបឃិតគ្នាស៊ីញ៉េប៉ុន្មានកន្លែងទៅ ? ។
ក្រុមមន្ត្រីនិងពលរដ្ឋខាងលើ បានបញ្ជាក់មកនាយ”ក្អែកខ្មៅ” ថាចំពោះករណីរំលោភបំពានដីរដ្ឋដោយឥតអ៊ៀនខ្មាស់នេះ បុគ្គលខាងលើនិងប៉ាកពួក ត្រូវបានគេសង្កេតឃើញថា នៅតែបន្តឃុបឃិតគ្នាជាប្រព័ន្ធ រំលោភបំពានដីរដ្ឋផ្សេងៗទៀត។ ហើយទង្វើបែបនេះ ពលរដ្ឋ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងក្រសួងកសិកម្ម ក្រសួងដែនដី ដែលគ្រប់គ្រងដីរដ្ឋ ថ្នាក់ជាតិ មេត្តាជួយពិនិត្យមើល អាអ្ញាធរថ្នាក់ក្រោម មួយក្តាប់តូចនេះផង បើនៅតែបែបនេះ ដីព្រៃលិចទឹក នៅតំបន់ខាងលើនោះ ច្បាស់ជាហិនហោច ជាពុំខានឡើយ។
អង្គភាពយើង និងផ្សាយជូនលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់បកស្រាយ ពី អាជ្ញាធរ ស្ថាបន ឬ សាម៉ីភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញភាពស្អាតស្អំ ជាពិសេស ប្រមុខដឹកនាំ និង ពលរដ្ឋទូទៅ បានជ្រាបកាន់ច្បាស់បន្ថែមទៀត៕