បុគ្គលិកមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បន្តទម្លាយរឿង ប្រធានមន្ទីរពេទ្យ ប្រព្រឹត្តិអំពើពុករលួយ យកលុយពីគ្រូពេទ្យ ដើម្បីទទួលបានក្របខណ្ឌរដ្ឋ! 

បន្ទាយមានជ័យ៖ រហូតមកដល់ដើមខែមករា ឆ្នាំ២០២២នេះ បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបន្តទម្លាយសំឡេងនិយាយឆ្លើយឆ្លងគ្នា ពីការសូកលុយកាក់ ចាប់ពីចំនួន ៥០០០ដុល្លា (ប្រាំពាន់ដុល្លារ) ដល់ ១៥,០០០ ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ) ឲ្យទៅលោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដើម្បីទទួលបានក្របខ័ណ្ឌរដ្ឋពេញសិទ្ធិ។

បើតាមសំឡេងឆ្លងឆ្លើយរវាងគ្រូពេទ្រ ជាច្រើននាក់បានឲ្យដឹងថា អ្នករត់ការយកក្របខ័ណ្ឌពេទ្យធម្យម បានចំណាយលុយចំនួន ៧៥០០ដុល្លា (ប្រាំពីរពាន់ប្រាំរយ ដុល្លារ) យកក្របខ័ណ្ឌ វេជ្ជបណ្ឌិត (ឌុកទ័រ) ចំណាយចំនួន ១៥០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ)។

ការសូកលុយដើម្បីទទួលក្របខ័ណ្ឌរដ្ឋនេះកើតឡើង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាស ផ្តល់ក្របខ័ណ្ឌពេទ្យជាង៣០០០នាក់បន្ថែម ចំពោះគ្រូពេទ្យ ដែលស្ម័គ្រចិត្តចូលរួមព្យាបាលជំងឺកូវីដ១៩ បើទោះជាពេទ្យកិច្ចសន្យាក៏ដោយ។ ដែលការប្រកាសនេះ សម្តេចនាយករដ្ឋមន្ត្រី មិនតម្រូវឲ្យបង់ថវិការ តែត្រូវតែចូលរួមក្នុងសកម្មភាពព្យាបាលថែទាំអ្នកជំងឺកូវីដ១៩តែប៉ុណ្ណោះ។

សំឡេងក្នុងឃ្លីបមួយដែលមានរយៈពេល ៥នាទី និង១៣វិនាទី បានបង្ហាញថា គ្រូពេទ្យ ឈ្មោះរ័ត្ន និងម្នាក់ទៀត ជាក្មួយរបស់ឈ្មោះ សម្បត្តិ ត្រូវបង់លុយតាមគណនីធនាគា ដែលពួកគាត់មិនស្គាល់ឈ្មោះអ្នកទទួល ចំនួន ៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ក្នុងម្នាក់ ដើម្បីទទួលបានក្របខ័ណ្ឌ បម្រើការងារនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

សំឡេងក្នុងឃ្លីបមួយទៀតដែលមានរយៈពេល ១០នាទី និង៥ វិនាទី បានបង្ហាញថា លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រើឈ្មោះពេទ្យខ្មោច ដើម្បីបើកប្រាក់ដែលរាជរដ្ឋាភិបាលផ្តល់ជូនគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ក្នុង១ថ្ងៃ ៥០ដុល្លារ (ហាសិបដុល្លារ) “ឧទារហណ៍ថា ៖ក្រដាសសញ្ញេយើងធ្វើការបាន១០ថ្ងៃ ប៉ុន្តែឈ្មោះយើងធ្វើនឹងតែ៥ថ្ងៃទេ! ឈ្មោះមាន១០ ប៉ុន្តែគេឲ្យយើងធ្វើ តែ៥ថ្ងៃទេ យើងបើកលុយចំនួន១០ថ្ងៃ ហើយក្រោយបើកលុយយើងត្រូវផ្ញើទៅខាងគណនីពេទ្យចំនួន ៥ថ្ងៃវិញ” ។

ដោយឡែក ពេទ្យ ឈ្មោះហេង ធ្វើការបានចំនួន មួយខែ តែបើកប្រាក់បានចំនួនតែ ១៥ថ្ងៃ ហើយក្រោយមកឈ្មោះនេះត្រូវបានផ្ទេចេញពីមន្ទីរពេទ្យដោយមិនដឹងមូលហេតុ។

សំឡេងក្នុងឃ្លីបដដែល ក៏បានបង្ហាញផងដែរថា ប្រធានមន្ទីរពេទ្យក៏បានកាត់បន្ថយលុយឧបត្ថម្ភ ដល់ពេទ្យដែលទទួលខុសត្រូវលើសពកូវីដ១៩ផងដែរ។

ឃ្លីបសំឡេងមួយទៀត ដែលមានរយៈពេល ១០នាទី និង៨វិនាទីបានបង្ហាញថា ពេទ្យឈ្មោះ វណ្ណា បានចំណាយលុយចំនួនប្រាំពាន់ដុល្លា ក្នុងតំលៃប្រម៉ូសិនពិសេស ស្របពេល បុគ្គលិក ឈ្មោះ ថុនា បានបម្រើការងារជាបុគ្គលិកបណ្តែតចំនួន១០ឆ្នាំហើយ តែមិនអាចទទួលបានឈ្មោះក្នុងក្របខណ្ឌរដ្ឋ ដោយសារលោកមិនបានដាក់លុយ។

សំឡេងដដែលបានបន្ថែមថា គ្រូពេទ្យបង្អែកប៉ោយប៉ែតប្រមានជា១០នាក់ បានចំណាយលុយ ដើម្បីទទួលបានក្របខ័ណ្ឌពេទ្យរដ្ឋ ដោយពេទ្យម្នាក់ៗ ចំណាយលុយចំនួនខុសៗគ្នា ហើយពេទ្យខ្លះផ្ញើលុយតាមគណនីធនាទេសសុន និងគណនីធនាគាផ្សេងៗពីគ្នា។

លោកវេជ្ជបណ្ឌិតម្នាក់ និយាយក្នុងលក្ខ័ណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រឿងដែលមិនមានភាពប្រក្រតីមួយទៀតនោះគឺ ឈ្មោះពេទ្យដែលកំពុងសម្រាកមាតុភាព ពេទ្យខ្លះ ពរពោះជិតគ្រប់ខែ ពេទ្យខ្លះកំពុងថែកូននៅផ្ទះ ក៏ទទួលបានឈ្មោះស៊ីប្រាក់កូវីដ១៩ដែរ ដែលទង្វើនេះ លោកពិតជាមិនអាចទទួលយកបាន ព្រោះវាជាការបោកប្រាស់ទំនុកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាន គណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដឹកនាំ សម្របសម្រួល អនុវត្តវិធានការគ្រប់បែបយ៉ាងទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ បង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហកមន៍ ព្រោះបុព្វហេតុសុខមាលភាពប្រជាជនគ្រប់រូប។

លើបញ្ហានេះ លោក សួន សុផល ប្រធានគណនេយ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា សំឡេងដែលបែកធ្លាយនេះ គឺពិតជាគ្រូពេទ្យដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត តែរឿងដោះដូរលុយកាក់ ដើម្បីទទួលបានក្របខណ្ឌរដ្ឋ លោកមិនបានទទួលទេ ព្រោះឈ្មោះអ្នកត្រូវចូលក្របខ័ណ្ឌគឺ ខាងរដ្ឋបាល និងប្រថានមន្ទីរពេទ្យជាអ្នករៀបចំ។

លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត យើងមិនអាចសុំការឆ្លើយតបបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកតែគ្មានអ្នកទទួល។

ដោយឡែក លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានជំរុញឲ្យអ្នកសារព័ត៌មានសួរផ្ទាល់ទៅលោក វិជ្ជបណ្ឌិត ឱក ទីនណា ដោយលោកបញ្ជាក់ថា “សូមបង សួរ ដោយផ្ទាល់ លើប្រធានមន្ទីរពេទ្យប៉ោយប៉ែត ជាអ្នកគលោក វេជ្ជ ឱក ទីនណា 085 999 917 នឹងទទួលបានពត៌មាន ពិស្តារ។”

លោកបន្ថែមថា ចំពោះ ពត៌មានស៊ីលុយកាក់ ឈ្មោះខ្មោចខាងលើ “ខាងមន្ទីរពេទ្យធ្លាប់ធ្វើការបកស្រាយ ជាបន្តបន្ទាប់ រហូតដល់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានគោរព អញ្ជើញ ចូលរួមដឹកនាំប្រជុំផ្ទាល់ ដោយមានមន្រ្តីសុខាភិបាលមន្ទីរពេទ្យប៉ោយប៉ែត។ ក្នុងនោះ បានឲ្យបុគ្គលិកទាំងអស់ លើកឡើងនូវការមិនសុខចិត្ត ឬ ការតវ៉ាផ្សេងៗ ចំពោះការដឹកនាំ របស់ប្រធានមន្ទីរពេទ្យ ប៉ុន្តែ មិនមានរកឃើញ កំហុសឆ្គងដូចការចុះផ្សាយទេ។ ចំពោះមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើស្រាវជ្រាវ តែមិនមានរកឃើញកំហុសឆ្គងធ្ងន់ធ្ងរទេ។”

សូមបញ្ជាក់ថាកន្លងមកថ្មីនេះ លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានបុគ្គលិកពេទ្យបង្អែក ក្រោមឱវាទ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ។

ក្រោយមកទៀត នៅកំឡុង ចុងឆ្នាំ២០២១ លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងលោក សួន សុផល ប្រធានគណនេយ្យ ត្រូវបានមន្ត្រីនៅក្នុងមន្ទីរបង្អែកប៉ោយប៉ែត ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ និងកេងប្រវ័ញក្នុងមន្ទីរពេទ្យ រូមនិងការយកលុយចេញលិខិតបញ្ជាក់ថាមិនមានកូវីដ១៩ ដើម្បីបានចេញចូលទៅក្នុងប្រទេសថៃ ចាប់ពី១៥០ដុល្លារ ទៅ ២០០ដុល្លារ ក្នុង ១នាក់ជាដើម។

លើបញ្ហាប្តឹងអង្គភាពប្រឆាំងអំពើពុករលួយនេះ លោក សួន សុផល ប្រធានគណនេយ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឲ្យដឹងថា កន្លងមកថ្មីៗនេះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបាន ចុះមកសាកសួរ និងស៊ើបអង្គេតរួចហើយ ដោយពេលនេះខាងមន្ទីរពេទ្យកំពុងរង់ចាំលទ្ធផល។

ក្នុងពាក្យស្នើសុំឲ្យ ឯកឧត្តម ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ជួយចាត់វិធានការ លើប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រុមគ្រូពេទ្យបានអំពាវ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតដើម្បីដឹងការពិត៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close