បាត់ដំបង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយទទូលបានពត៎មានពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា មានការផ្ញើថ្នាំញៀន តាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ពីភ្នំពេញ មកបាត់ដំបង។
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត។
ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យជំនាញ បានចុះទៅដល់ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ និងបានសហការជាមួយគ្នាដោយឲ្យកម្លាំងសមត្ថកិច្ចបន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនដឹកកញ្ចប់ថ្នាំញៀន យកទៅឲ្យមេក្លោងដែលកុម្ម៉ង់ទិញ នៅចំនុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទចំនួន ១គ្រឿង ។
នាពេលនេះ ជនសង័្សយត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕