ព័ត៌មាន អនាមិក មួយចោទប្រកាន់ រដ្ឋបាលស្រុកអូររាំង លើបញ្ហាលួចដីលក់អោយទៅ ឈ្មោះ ស្រី ចន្ធូ ចំនួន ៥០ហិតា ពេលនេះ…!

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលស្រុកអូររាំង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា កាលពីថ្មីៗ នេះ មានព័ត៌មានអាណាមិក មួយបានចោទប្រកាន់មកលើ រដ្ឋបាលស្រុកអូររាំង លើបញ្ហាលួចដីលក់ឱ្យទៅ ឈ្មោះ ស្រី ចន្ធូ ដែលមានការបញ្ជាក់ទាំងឈ្មោះមន្ត្រីរដ្ឋបាលស្រុក ដូចមានរាយនាមខាងក្រោម៖

១. លោក យាន សុខ មន្ត្រីសាលាស្រុក ទំហំដី ១០ហិកតា

២. លោក សុខ វណ្ណារិទ្ធ មន្ត្រីសាលាស្រុក ទំហំដី ១០ហិកតា

៣. លោក សាលី ប៉ោ មន្ត្រីសាលាស្រុក ទំហំដី ១០ហិកតា

៤. លោក កែវ ប៊ុនថន ក្រុមប្រឹក្សាខេត្ត ទំហំដី ១០ហិកតា

៥ លោក ង៉ែត ប៊ុនធឿន មន្ត្រីពន្ធធនាគារ ទំហំដី ១០ហិកតា។

ចំពោះដីរបស់ឈ្មោះមន្ត្រីខាងលើនេះ រដ្ឋបាលស្រុកអូររាំង សូមធ្វើការស្រាយបំភ្លឺដូចតទៅថា ពីដំបូងពិតជា មានការស្នើសុំកាន់កាប់មែន ប៉ុន្តែក្រោយពីមានការចុះពិនិត្យពីអាជ្ញាធរ ឃុំ ស្រុក រួចមកឃើញថា ដីខាងលើ ទាំងអស់មានការជាន់គ្នា ជាមួយដីបំរុងរដ្ឋបាលស្រុកថ្មី។ ក្រោយមក ទើបអាជ្ញាធរឃុំ និងរដ្ឋបាលស្រុក បាន ស្នើសុំគោលការណ៍ពីរដ្ឋបាលខេត្ត ហើយសម្រេចធ្វើការនិរាករណ៍ លើទំហំក្បាលដីទាំង ៥នេះវិញ។

ចំណែកការចោទប្រកាន់ថា រដ្ឋបាលស្រុកមានការចូលរួមផ្សំគំនិត បង្គាប់បញ្ជាឱ្យអាជ្ញាធរថ្នាក់ ក្រោមរបស់ខ្លួន ចុះហត្ថលេខាទទួលស្គាល់ និងបានលក់ឱ្យទៅឈ្មោះ ស្រី ចន្ធូ នោះរឹតតែមិនពិតនោះទ ព្រោះកន្លងមក ត្រង់ទីតាំងដីដែលជនអគតិ តែងតែមានការចោទប្រកាន់ មកលើអាជ្ញាធរ ឃុំ ស្រុក បាន ឃុបឃិតលក់ឱ្យឈ្មោះ ស្រី ចន្ធូ នេះគឺ ក្នុងទីតាំងដីចម្ការត្រង់ចំណុចខ្លះ ពិតជាដីរបស់ប្រជាពលរដ្ឋដែលរស់ នៅ អាស្រ័យផលដំណាំជាក់ស្តែងមែន ហើយពួកគាត់បានឯកភាព ព្រមព្រៀងលក់ ទៅឱ្យឈ្មោះ ស្រី ចន្ធូ ដោយខ្លួនរបស់ពួកគាត់ផ្ទាល់ ពុំមានទាក់ទងនឹង អាជ្ញាធរ ឃុំ ស្រុក ចូលរួមលក់នោះទេ ។ ម្យ៉ាងទៀត ប្រជា ពលរដ្ឋខ្លួនឯង ពេលលក់ដីឱ្យទៅបុគ្គលណាមួយហើយ ហើយកន្លងទៅយូរឆ្នាំដោយពុំឃើញ បុគ្គលនោះធ្វើ ការអភិវឌ្ឍលើដីដែលខ្លួនបានទិញរួចហើយនោះ ពួកគាត់តែងតែយកដីនោះទៅលក់ឱ្យអ្នកផ្សេងថ្មីទៀត រឿងនេះមិនមែនជារឿងថ្មីនោះទេ គឺជារឿងដដែលៗ កើតមានឡើងក្នុងស្រុកអូររាំង។ ហើយពេលខ្លះ ពួក គាត់បានអះអាងថា ពួកគាត់ជាជនរងគ្រោះដោយសារមានការរំលោភបំពានដីធ្លីរបស់ពួកគាត់ទៅវិញ ។ មិនតែប៉ុណ្ណោះ ពួកគាត់បានទាមទារឱ្យអាជ្ញាធរ ភូមិ ឃុំ ស្រុក ដោះស្រាយ សម្របសម្រួលឱ្យពួកគាត់ថែម ទៀត តែបើអាជ្ញាធរ មិនបានដោះស្រាយឱ្យពួកគាត់វិញនោះ ពួកគាត់បានចោទប្រកាន់អាជ្ញាធរថា ឃុបឃិត ជាមួយឈ្មួញទិញដី ហើយបែរជាទៅពឹងពាក់សារព័ត៌មាន និងផេកអាមឹកមួយចំនួនឱ្យចុះផ្សាយ វាយ ប្រហារមកលើអាជ្ញាធរ ទាំងដែលគ្មានមូលដ្ឋាន គោលការណ៍ច្បាស់លាស់សោះ ។

បច្ចុប្បន្ននេះ ដោយយោងតាមសន្ទុះរីកចម្រើន ការអភិវឌ្ឍន៍ក្នុងស្រុកអូររាំង ដូចជា គម្រោងសាង សង់ព្រលានយន្តហោះ រមណីដ្ឋាន តំបន់ទេសចរណ៍ ជាច្រើនកន្លែង ទើបធ្វើឱ្យដីធ្លីនៅស្រុកអូររាំងមានការ កើននូវតម្លៃខ្ពស់ ដែលជាហេតុបណ្តាលឱ្យមានជំលោះ បញ្ហាដីធ្លីនេះមិនចេះចប់នោះទេ ។ ចំពោះ រដ្ឋបាលស្រុក អាជ្ញាធរ ភូមិ ឃុំ មិនដែលព្រងើយកន្តើយទេ តែងតែជួយរង់ចាំដោះស្រាយជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជានិច្ច មិនថាថ្ងៃធ្វើការម៉ោងរដ្ឋ ឬ ថ្ងៃឈប់សម្រាកនោះទេ ។ យ៉ាងណាមិញ ទាក់ទងនឹងរឿង ផលប្រយោជន៍ដីធ្លីនេះ គឺមានអ្នកនៅពីក្រោយខ្នងរបស់ពួកគាត់ ហើយបានជម្រុញឱ្យពួកគាត់ ដាក់ពាក្យ ប្តឹង អាជ្ញាធរ វាយប្រហារតាមហ្វេសបុក ផេក មិនផ្លូវការ ព្រមទាំងសារព័ត៌មានមួយចំនួនទៀត ដែលមាន លក្ខណៈ ជេរប្រទេចផ្តាសសារ ដាក់ទំនាយ លាបព័ណ៌ ជាពិសេសកេងចំណេញនយោបាយ ដែលជារូបភាព របស់ជនអគតិទាំងនោះ ធ្វើឡើងដើម្បីចង់បានផលប្រយោជន៍អ្វីមួយសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ ។ ផ្ទុយទៅ វិញពួកទាំងនេះ បានព្យាយាមយកប្រជាពលរដ្ឋ ដែលជាអ្នកមូលដ្ឋានមិនសូវចេះច្បាប់ មកធ្វើជាឧបករណ៍ ប្រើប្រាស់ ដើម្បីផលប្រយោជន៍អាត្មានិយមរបស់បក្សពួកខ្លួនទៅវិញ ។

ហើយឆ្លងតាមរយៈ ការមើលឃើញ ពីសកម្មភាព និងទង្វើរបស់ពួកទាំងនោះ ទៅលើពួកគាត់ ពួកគាត់ស្មានថា ជាការជួយដោយស្មោះត្រង់ ដែល រូបភាពនោះ បានបំភ័ន្តភ្នែករបស់ពួកគាត់ និងបែរជាធ្វើឱ្យមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរ ភ្លេចនូវការជួយ ដោះស្រាយរាល់បញ្ហា របស់ពួកគាត់កន្លងមក អស់ទៅវិញ ។

ដូច្នេះ ក្នុងនាមអាជ្ញាធរស្រុកអូររាំង ទាំងមូល សូមធ្វើការបញ្ជាក់ជូនយ៉ាងឱឡារឹកថា៖ រដ្ឋបាលស្រុក អូររាំង មិនបានឃុបឃិតគ្នាក្លែង ឯកសារយកដីរដ្ឋ និង ដីបងប្អូនជនជាតិដើមភាគតិច លក់ឱ្យឧកញ៉ា សី ចន្ធូ នោះទេ។

ចំពោះហ្វេសបុក និង ផេក ដែលបានចុះផ្សាយទាំងអស់នេះ រដ្ឋបាលស្រុកអូររាំង សូមធ្វើការ បដិសេធទាំងស្រុង រាល់ការចុះផ្សាយព័ត៌មានមិនពិត និងជាការបំពុលសង្គមយ៉ាងច្បាស់ ។ យ៉ាងណាមិញ រឿងពិតរដ្ឋបាលស្រុក ថ្នាក់ដឹកនាំស្រុកពុំបានជាប់ពាក់ព័ន្ធជាមួយ នឹងរឿងដែលបុគ្គលអគតិទាំងនេះ បាន លើកឡើងក្នុងទំព័រហ្វេសបុក និង ផេក របស់ពួកគេនោះទេ ។

ករណីដែលហ្វេសបុក និង ផេក របស់បុគ្គលអគតិទាំងនេះបានធ្វើ លើរដ្ឋបាលស្រុក ក៏ដូចជាថ្នាក់ ដឹកនាំស្រុក តែងតែយករូបភាពថ្នាក់ដឹកនាំស្រុក ទៅបង្ហោះលើទំព័រហ្វេសបុក និង ផេករបស់ពួកគេក្នុងរឿង អ្វីមួយ មិនត្រឹមត្រូវក្នុងគោលបំណងមិនល្អ ។ ករណីទាំងនេះ គឺជារឿងដែលផ្ទុយស្រលះពីការពិត ហើយ ធាតុពិតរដ្ឋបាលស្រុកបានខិតខំប្រឹងប្រែងអនុវត្តការងារ តាមគោលនយោបានរបស់រាជរដ្ឋាភិបាល ដែល មាន សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី យ៉ាងសស្រាក់សស្រ័ ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធស្រុក ឱ្យមានការរីកចម្រើន ប្រែមុខមាត់ថ្មីក្នុងខេត្តមណ្ឌលគិរី ។

រដ្ឋបាលស្រុក ក៏សូមជម្រាបជូនដំណឹងដល់បុគ្គលដែលតែងតែយករូបភាពថ្នាក់ដឹកនាំស្រុក ទៅ បង្ហោះក្នុងទំព័រហ្វេសបុក (Facebook និង ផេក (Page) ទាំងអស់ជ្រាបថា រដ្ឋបាលស្រុកនឹងធ្វើការ ស្រាវជ្រាវ ចំពោះបុគ្គលទាំងឡាយណា ដែលមានបំណងមិនល្អ មកលើថ្នាក់ដឹកនាំស្រុក តាមនីតិវិធីច្បាប់ ដែលមានចែងក្នុងព្រះរាជាណាចក្រកម្ពុជា ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ។

ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

អត្ថបទដែលជាប់ទាក់ទង
Open

Close