ខេត្តពោធិ៍សាត់៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំខ្នាតយក្ស របស់សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តបណ្តាក់ទុកវិនិយោគ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Ranger និង Ford Everest បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ ដែលនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី សំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ចំនួន៩២៣នាក់ មកពីស្រុកក្រគរ និងស្រុកកណ្តៀង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ម្សិលមិញ នៅបរិវេណស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Farm) របស់ក្រុមហ៊ុន SchneiTec Co.,Ltd ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។
ឯកឧត្តម កែវ រតនៈ បានថ្លែងឱ្យដឹង យ៉ាងដូច្នេះថា «បើតាមផែនការមិនប្រែប្រួល តាមរយៈការខិតខំប្រឹងប្រែង រយៈពេលជាង៥ឆ្នាំកន្លងមកនេះជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺរថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទFord ទាំងPick-Up ទាំងStation Wagon ឬFord SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង»។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា «អីឡូវនេះ យើងកំពុងតែខិតខំទាក់ទាញពួកគេ ឱ្យអូសយកដៃគូរសហការរបស់គេបន្ថែមទៀត ដើម្បីផលិតគ្រឿងបង្គុំក្នុងទឹកដី នៃស្រុកក្រគរ ដែលទាំងនេះ គឺជាផែនការមេរបស់ស្រុកក្រគរ ស្រុកកណ្តៀង និយាយជារួមនឹងនិយាយដោយឡែក គឺសម្រាប់ខេត្តពោធិ៍សាត់យើងផ្ទាល់តែម្តង, ហើយយើងនឹងចាប់ផ្តើមដាក់សម្ពោធជាបន្តបន្ទាប់ ក្រោយពីស្ថានភាពកូវីដ១៩បានធូរស្បើយ»។