ភ្នំពេញ៖ នៅថ្ងៃទី៨ មករា ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៖ ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
អាស៊ាននិងដៃគូដែលចង់ចូលរួមក៍ដូចជា មីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើន ដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់និង ការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។
អ្នកដែលប្រឆាំង ជាមួយនិងបទឈប់បាញ់ មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំង ចាក់ការពារជំងឺរាតត្បាត កូវីដ១៩។
ខ្ញុំសូមឆ្លៀតឱកាសនេះបញ្ជាក់ជូនផងដែរ ថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផងហើយដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីស់រយៈពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ៕