ដុំថ្ម និងដ បទឹកសុទ្ធ ហោះពេញវត្ត ! អភិបាលខេត្តកែប សម្រេចចិត្តលុបចោលយ៉ាងតក់ក្រហល់ រឿង…!

កែប ៖ លិខិតបង្គាប់ ការស្ដីពីការចាត់តាំង ព្រះអនុគណស្រុកដំណាក់ចង្អើរ និមន្តទៅគ្រប់គ្រង និងដឹកនាំវត្តភ្នំលាវ បណ្ដោះអាសន្ន ត្រូវបាន លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប សម្រេចចិត្តលុបចោលយ៉ាងតក់ក្រហល់ កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីមានការតវ៉ាយ៉ាងពុះកញ្រ្ជោលពីប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

យោងតាមលិខិតនិមន្ត និង អញ្ជើញពីព្រះធម្មានុបាល តេន រ៉េម ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះឧត្តមធម្មវេទី ព្រះមេគណខេត្តកែប បាននិមន្ត និង អញ្ជើញ ព្រះសង្ឍ និង អាចារ្យគណកម្មការវត្តសរុបចំនួន៣អង្គ/នាក់ ដើម្បីទៅគង់នៅគ្រប់គ្រង និងដឹកនាំបណ្ដោះអាសន្នវត្តភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២តទៅ។ ប៉ុន្តែគម្រោងនេះ មិនមានការគាំទ្រពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្តភ្នំលាវឡើយ ពោលគឺនៅគ្រាន់តែមានការប្រកាសបញ្ចប់តួនាទីព្រះតេជគណ ម៉ៅ សឺយ ពីព្រះចៅអធិការវត្តភ្នំលាវភ្លាម ត្រូវបានប្រជាពលរដ្ឋផ្ទុះការតវ៉ា ចូលទៅអុកឡុក គប់ដុំថ្ម និងដបទឹកសុទ្ធស្រោចទៅលើកម្លាំងសមត្ថកិច្ច ដើម្បីប្រឆាំងយ៉ាងដាច់អហង្កាចំពោះការបញ្ចប់តួនាទី និង មិនទទួលយកការតែងតាំងព្រះចៅអធិការវត្តថ្មីនោះឡើយ ។

ពួកគាត់បានលើកឡើងថាព្រះតេគុណ ម៉ៅ សឺយ គឺជាព្រះសង្ឃដ៏ល្អដែលមានស្នាដៃកសាងសមិទ្ធិផលជាច្រើនក្នុងវត្ត មានចរឹកថ្លៃថ្នូរ ពិសេសលោកតែងតែធ្វើសកម្មភាពមនុស្សធម៌ ចែករំលែកជួយជនក្រីក្រនិងធ្វើការងារសង្គមជាច្រើនគួរឲ្យកោតសរសើរណាស់។ការដាក់បន្ទុកថាព្រះអង្គជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នហាជាមួយស្រ្តីម៉េម៉ាយម្នាក់រហូតដល់ដាច់អាបត្តិបរាជិកកន្លងមកគឺជារឿងប្រឌិតរបស់មន្ត្រីខិលខូចដែលចង់បានផលប្រយោជន៍ពីព្រះអង្គតែប៉ុណ្ណោះ ។

ក្រុមប្រជាពលរដ្ឋបានអះអាងថា ប្រសិនបើរកឃើញថា ព្រះតេជគណ ម៉ៅ សឺយ ពិតជាមានកំហុសដូចការចោទប្រកាន់មែន ពួកគាត់នឹងបណ្ដេញ ឬ ចាប់ផ្សឹកព្រះអង្គដោយខ្លួនឯងភ្លាមៗតែម្ដង តែប្រសិនបើគ្មានភស្តុតាង ឬ ហេតុផលណាមួយមកបង្ហាញឲ្យច្បាស់ថា ព្រះអង្គពិតជាមានកំហុសនោះទេ គឺពួកគាត់នៅតែប្រឆាំង និងតវ៉ាគ្មានថ្ងៃបញ្ចប់ឡើយ ។

មន្ត្រីថ្នាក់ខេត្តមួយចំនួនដែលបានមកចូលរួមបានរអ៊ូ រទាំថា នេះគឹជាកំហុសឆ្គងដ៏ធ្ងន់ធ្ងររបស់ លោក មៀច ឯម ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកែប ដែលបានមករៀបចំកន្លែងពេលព្រឹកត្រូវបានប្រជាពុទ្ធបរិស័ទស្ដីបន្ទោស និង បណ្ដេញចេញពីវត្តយ៉ាងអាម៉ាស់ ហើយ ក៏ដឹងដែរថា ប្រជាពលរដ្ឋកំពុងតែខឹងសម្បារយ៉ាងពុះកញ្ជ្រោលបែបហ្នឹងហើយ ហេតុអី ក៏នៅតែជំនះរៀបចំកម្មវិធី តែងតាំងព្រះចៅអធិការវត្ត ដោយអញ្ជើញលោកអភិបាលខេត្តឲ្យមកទទួលរងនូវភាពអាម៉ាស់ដ៏ធ្ងន់ធ្ងរបន្តពីលោកបែបនេះទៀត ? ។

សូមបញ្ចាក់ថា ភាពចម្រូងចម្រាស់នៅក្នុងពិធីប្រកាសចាត់តាំងព្រះអនុគណស្រុកដំណាក់ចង្អើរឲ្យទៅគង់ , គ្រប់គ្រង និង ដឹកនាំ វត្តភ្នំលាវ បណ្ដោះអាសន្នកាលពីរសៀលនោះបានជម្រុញលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបង្ខំចិត្តឲ្យលុបទាំងស្រុង បន្ទាប់ពីអញ្ជើញលោកតា កោះ ហៀង តំណាងឲ្យប្រជាពុទ្ធបរិស័ទចំណុះជើងវត្តភ្នំលាវ ទៅជួបសម្របសម្រួលមិនបានផល ។

លោក សោម ពិសិដ្ឋ បានប្រកាស៣ចំណុច គឺទី១ លុបចោលការចាត់តាំងព្រះចៅអធិការវត្តភ្នំលាវ ទី២ ប្រគល់សិទ្ធគ្រប់គ្រង និងដឹកនាំវត្តភ្នំលាវទៅព្រះសង្ឃដែលគង់នៅទីនោះដដែល និងទី៣ អំណោយដែលគ្រោងចែកជូនប្រជាពលរដ្ឋក្រីក្ររាប់សិបគ្រួសារនោះត្រូវបានបង្វែរទៅប្រគេនព្រះសង្ឍដែលគង់នៅវត្តភ្នំលាវទាំងអស់វិញ ហើយត្រូវបានប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់អបអរសាទរ និង គាំទ្រយ៉ាងខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close