ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជា ក្រោយពីបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កានៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីទស្សនកិច្ចប្រកបដោយផ្លែផ្កានៅប្រទេសមីយ៉ាន់ម៉ា។

នៅក្រោយត្រឡប់មកដល់ប្រទេសកម្ពុជានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ក៏នឹងមានសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ដើម្បីសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ជំនួយមួយចំនួនទៀត ដល់មីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរក្នុងនោះមានដូចជា ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close